(ស្វាយរៀង)៖ អាជ្ញាធរភូមិ ឃុំ ស្រុកកំពង់រោទិ៍ មន្ត្រីបរិស្ថាន និងម្ចាស់ផ្តល់សេវាកម្មប្រមូលសំរាម នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យទីលានចាក់សំរាមមួយកន្លែង ស្ថិតនៅភូមិអូឃុំថ្មី ស្រុកកំពង់រោទិ៍ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ មកថាម្ចាស់អាជីវកម្ម ប្រមូលយកសំរាមចាក់ ក្នុងទីលានចាក់សំរាមបង្កឱ្យមានជះក្លិនស្អុយ ទៅលើផ្ទះប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ហើយបានសំណូមពរឱ្យអាជ្ញាធរចុះដោះស្រាយ។

បើតាមលោក ឆឹង សារ៉ា អភិបាលរងស្រុកកំពង់រោទិ៍ បានថ្លែងថាថ្ងៃនេះ លោកបានដឹកនាំក្រុមការងារមានលោកស្រី សមាជិកក្រុមប្រឹក្សាថ្មី លោកមេភូមិថ្មី និងមន្ត្រីការិយាល័យបរិស្ថានស្រុកកំពង់រោទិ៍ បានចុះទៅពិនិត្យដល់ទីលានចាក់សំរាមខាងលើពិនិត្យឃើញថា ពុំមានធំក្លិនស្អុយ ខ្លាំងដូចការចោទប្រកាន់របស់បណ្តាញព័ត៌មានមួយចំនួននោះទេ ដោយម្ចាស់អាជីវកម្មប្រមូលសំរាម បានញែកសំរាម តាមការណ៍ណែនាំរបស់អាជ្ញាធរ។

លោក ឆឹង សារ៉ា បានបន្តថា លោក ពេញ ទិត្ថារ៉ា ដែលជាម្ចាស់អាជីវកម្មប្រមូលសំរាមស្រុកកំពង់រោទិ៍ បានទទួលអាជីវកម្មប្រមូលសំរាម រយៈពេល០៣ឆ្នាំ គឺចាប់ពីចុងឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០២០។ មុនពេលសិក្សាទីលានចាក់សំរាមនោះ គឺពុំមានប្រជាពលរដ្ឋរស់នៅក្បែរទេ ដោយគ្មានផ្លូវថ្នល់គ្រាន់តែមានប្រជាពលរដ្ឋសង់ខ្ទមចាំស្រូវ នៅរដូវធ្វើស្រែ រហូតដល់ឆ្នាំ២០១៨ គម្រោងមូលនិធិក្រុមប្រឹក្សាឃុំថ្មី បានអភិវឌ្ឍន៍សាងសង់ផ្លូវមួយខ្សែនេះឡើងទើប នៅក្នុងឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋ០៤គ្រួសារ បានមកសាងសង់ផ្ទះ រស់នៅចម្ងាយពីទីលានចាក់សំរាមប្រមាណ១០០ម៉ែត្រ ហើយនៅក្នុងខែធ្នូនេះ ខ្យល់ធ្លាក់មកពីជើងក៏បានជះក្លិនស្អុយ ទីកាន់ផ្ទះប្រជាពលរដ្ឋ។

ហើយនៅថ្ងៃទី៥ ធ្ន ២០១៩ ប្រជាពលរដ្ឋបានរាយការណ៍ ទៅលោកមេភូមិ និងក្រុមប្រឹក្សាឃុំអាជ្ញាធរស្រុក បានហៅម្ចាស់អាជីវកម្ម ពិភាក្សារកទីតាំងថ្មី ដើម្បីដាក់សំរាមហើយអាជ្ញាធរកំពុងសិក្សារកទីតាំងថ្មី មិនមែនអាជ្ញាធរមិនអើពើរនោះទេ ហើយទីលានចាក់សំរាមនេះ មិនចេះតែយក ទៅដាក់ដោយគ្មានការសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសុខមាលភាព របស់ប្រជាពលរដ្ឋទេ ទើបដំណោះស្រាយត្រូវប្រើពេលវេលា។

លោក ពេញ ទិត្ថារ៉ា បានឱ្យដឹងថា សំរាមលោកបានញែកចេញជាបីប្រភេទ គឺកាកសំណល់ថង់ផ្លាស់ស្ទិច ដបជ័រ ក្រដាស់កេះទុកលក់អេតចាយ, កាកសំណល់រឹងសំបកដូង កាកអំពៅ សម្រាប់ដុត កាកសំណល់ផ្ទះបាយយកទៅធ្វើចំណីសត្វ។ ដូច្នេះកាកសំណល់សំរាមមួយចំនួននៅសល់ គឺស្ងួតយើងដុតបំផ្លាញចោល ហើយជុំវិញទីលានចាក់សំរាមយើងដាំកូនឈើ និងបាំងរបងស័ង្ខសី ដើម្បីកុំឱ្យជះក្លិនចេញក្រៅ ហើយបើមានជះក្លិនក៏មានតិចតួចទោះបីយ៉ាងណាលោកបានសុំឱ្យប្រជាពលរដ្ឋយោគយល់រង់ចាំអាជ្ញាធររកទីតាំងថ្មី បានយើងនិងលុបឱ្យជិតមិនឱ្យជះក្លិនតទៅទៀតទេ។ ចំណែកភាគីប្រជាពលរដ្ឋវិញនៅតែទទូចឱ្យអាជ្ញាធរបិតទីលានចាក់សំរាមនេះតែម្តង។

ទាក់ទិននឹងករណីនេះដែរ លោកអភិបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថាលោកបានចាត់ឱ្យលោកអភិបាលរង និងមន្ត្រីបរិស្ថាន និងក្រុមប្រឹក្សាឃុំ ចុះទៅពិនិត្យទីលានចាក់សំរាមនោះ ហើយរង់ចាំការដោះស្រាយនៅពេលក្រោយ៕