(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ចំនួន២០គ្រួសារ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោក ឌី រ័ត្នខេមរុណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកប្រធានអនុសាខាក៏បានលើកឡើងនូវបញ្ហាសុខភាព ជាក់ស្ដែងបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងមានអាកាសធាតុត្រជាក់ខ្លាំង ដូច្នេះលោកប្រធានអនុសាខាបានអំពាវនាវ ឲ្យបងប្អូនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាខែនេះជាខែធ្លាក់ខ្យល់ត្រជាក់សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ១បាវ ៣០គីឡូ, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូ រួមទាំងថវិកាចំនួន ២០,០០០រៀល ក្នុងមួយគ្រួសារផងដែរ៕