(កណ្ដាល)៖ ករណីចាប់ជំរិតជនជាតិចិន និងជនជាតិចិន នៅស្រុកកោះធំ ខេត្តកណ្ដាល ដែលកម្លាំងនគរបាលបង្ក្រាបបានរំដោះជនរងគ្រោះម្នាក់ និងជនល្មើស៣នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនោះ បន្ទាប់បញ្ចប់ការស្រាវជ្រាវ និងអង្កេតដោយយកចិត្តទុកដាក់ សមត្ថកិច្ចរកឃើញថា ករណីនេះជនរងគ្រោះ និងជនល្មើសជាមិត្តភ័ក្រគ្នា ហើយបង្កើតសាច់រឿងចាប់ជំរិតឡើង ដើម្បីបោកលុយគ្រួសារនៅប្រទេសចិន។

ក្នុងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអះអាងថា ក្រោយបញ្ចប់ការស៊ើបអង្កេតបឋម រយៈពេល៤៨ម៉ោង ជាលទ្ធផលសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានថា៖

*ទី១៖ ជាការរៀបចំបង្កើតឲ្យមានអង្គហេតុបទល្មើស ចាប់ជំរិតទារប្រាក់នេះឡើង
*ទី២៖ ជនរងគ្រោះ និងជនសង្ស័យ បានរួមគំនិតគ្នាបង្កើតករណីនេះឡើង ដើម្បីយកលុយពីឪពុក ម្ដាយនៅប្រទេសចិន មកដើរស៊ីចាយសប្បាយជាមួយគ្នា
*ទី៣៖ ចាយលុយអស់អត់លុយដេកផ្ទះសំណាក់ នាំគ្នាដេកស៊ីលើឡាន រហូតដល់សមត្ថកិច្ចសង្ស័យធ្វើការឃាត់ខ្លួន។

មនុស្សទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១៖ឈ្មោះ តឹង ធៀនសឹង អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរបុគ្គលិកផ្នែកព័ត៌មានវិទ្យា, ទី២៖ឈ្មោះ ស៊ាវ ជីវ័យ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ, ទី៣៖ឈ្មោះ ចាង វ័យជី អាយុ១៩ឆ្នាំ និងទី៤៖ឈ្មោះ ចឹង វួយភីង អាយុ២៤ឆ្នាំ។ ក្នុងនោះ ដកហូតបានរថយន្ត០១គ្រឿង ម៉ាក Highlander ពណ៌ក្រហម ស្លាកលេខភ្នំពេញ2Z-5149, កាំបិតប៉័ងតោ, កូនកាំបិតចុងស្រួច, កាំបិតមុខពីរ, កាំបិតកៃពីរ+កន្ត្រៃ, លិខិតឆ្លងដែន ចំនួន០២ច្បាប់, ទូរស័ព ០៣គ្រឿង, កាបូបដៃ, កាតធនាគារ (ATM) ចំនួន១០សន្លឹក, ប័ណ្ណសម្គាល់ខ្លួន ចំនួន០២សន្លឹក, លិខិតជួលរថយន្ដ ចំនួន០១ច្បាប់។

បច្ចុប្បន្នករណីនេះ ក្រោយបញ្ចប់នីតិវិធីបទល្មើសជាក់ស្ដែង នៃការស៊ើបអង្កេត ដោយបានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល សមត្ថកិច្ចបានបញ្ជូនជនជាតិចិនទាំង០៤នាក់ ទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តចាត់ការតាមនីតិវិធី នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩៕