(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង បានចោទជាសំណួរថា រហូតមកដល់ពេលនេះ តើរតនាគារអាមេរិកបានរកឃើញ ទ្រព្យសម្បត្តិរបស់នាយឧត្តមសេនីយ៍ ដែលតម្កល់នៅអាមេរិកត្រូវដាក់ទណ្ឌកម្មបង្កកហើយឬនៅ?

ការចោទទៅកាន់អាមេរិកបែបនេះ ខណៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ប្រមាណ ២ ១០៨នាក់ និងដង្ហែអង្គបុណ្យផ្កាប្រាក់កសាងសមិទ្ធផលក្នុងវត្តកោះខ្នុរ ឃុំព្រែករកា ដើម្បីជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនានាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឆ្លើយតបទៅរតនាគារអាមេរិកថា លោកគ្មានលុយតម្កល់នៅសហរដ្ឋអាមេរិកនោះទេ ប្រសិន បើអាមេរិករកឃើញលោកមានទ្រព្យសម្បត្តិ យកតែម្ដងទៅ មិនបាច់ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនោះទេ។

នាយឧត្តមសនីយ៍ បានបញ្ជាក់ជាថ្មីថា លោកជាកូនកសិករក្រីក្របានចូលបម្រើក្នុងជួរកងទ័ព ៤០ឆ្នាំមកហើយ តាំងពីលោកនៅអាយុ ១៤ឆ្នាំ ហើយឥឡូវមកបម្រើការពារសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ហើយលោកមិនមានក្រុមហ៊ុនរកស៊ីអ្វីនោះទេធ្វើការបំរើជាតិទទួលប្រាក់បៀវត្សរិ៍ពីរដ្ឋ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ត្រូវរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិ កាលពីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៨ ដែលគិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំកន្លះហើយ តែរហូតមកដល់ពេលនេះរតនាគារអាមេរិក មិនទាន់បានរកឃើញទ្រព្យសម្បត្តិរបស់លោកនៅក្រៅប្រទេសណាមួយ ដើម្បីដាក់ទណ្ឌកម្មបង្កកនោះឡើយ។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា «ទង្វើរបស់រតនាគារអាមេរិកនេះ ជាចេតនាខាងនយោបាយច្រើនជាង។ ហើយកាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក ក៏បានបន្តដាក់ទណ្ឌកម្មមកលើឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី និងលើលោកឧកញ៉ា ទ្រី ភាព ទៀតផងដែរ»

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានបន្តថា រណ្តៅគ្រាប់បេ រណ្តៅគ្រាប់បែក មានរាប់សិបកន្លែង នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅទីកន្លែងផ្សេងជាច្រើនទៀត ក្នុងប្រទេសកម្ពុជា ដែលបានបន្សល់ទុកក្នុងសម័យសង្គ្រាមទស្សវត្សរ៍ទី៦០ និង៧០ជាស្នាដៃរបស់អាមេរិក ដែលបានទម្លាក់គ្រាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជារាប់សិបនាក់ តើអាមេរិកបានទទួលស្គាល់ដែរឬទេ មកដល់ពេលនេះ។

ដោយសារគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចទាំងបីសម្ដេចពោធិសាល ជា ស៊ីម, សម្ដេចពញ្ញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជប់សង្រ្គាមទាំងស្រុងធ្វើឲ្យប្រទេសជាតិកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានវេរប្រគេនបច្ច័យបុណ្យផ្កា ៦០លានរៀល សម្រាប់បន្តកសាងសមិទ្ធផលនានា ក្នុងវត្តកោះខ្នុរ និង ម៉ាស៊ីនភ្លើង ១គ្រឿង ចែកអំណោយក្រណាត់ស និងថវិការជូនយាយជីតាជីលោកគ្រូអ្នកគ្រូ គ្រូពេទ្យសាលាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមយុវជនប្រជាពលរដ្ឋកងកម្លាំង ៤ប្រភេទ និងប្រគេនបច្ចយ័ព្រៈសង្ឃគណៈកម្មការវត្តផងដែរ៕