(កំពត)៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការការពារបុណ្យសមុទ្រ និងការពារដំណើរជាអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យសមុទ្រនៅខេត្តកំពត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីតាំងពហុកីឡដ្ឋាន ខេត្តកំពត។

លោក យូ ស៊ុនឡុង បានលើកបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ជុំ ទី២ នៅខេត្តកំពត នឹងចាប់ដំណើរការប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងរយៈពេល ៣ថ្ងៃ ហើយយកថ្ងៃទី២១ បើកអង្គពិធីជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកបន្តទៀតថា ការត្រៀមលក្ខណៈរៀបចំពិធីបើកនូវព្រឹត្តិការណ៍បុណ្យសមុទ្រ រហូតមកដល់ពេលនេះ សង្កេតឃើញថា ទីតាំងកន្លែងនៃការរៀបចំពិធីមានលក្ខណៈប្រសើរ ប៉ុន្តែនៅសល់តែការ ជួបប្រជុំគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិតពីផែនការ រួមឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យសមុទ្រតែប៉ុណ្ណោះ ពិសេសការត្រៀមលក្ខណៈដើម្បីស្វាគមន៍ និងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ មកកំសាន្តក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឲ្យបានល្អ និងទទួលបានជោគជ័យ។

ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងបញ្ហារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលនាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានណែនាំដល់ក្រុមការងារដែលមានវត្តមាន លោក ជាវ តាយ អភិបាលខេត្តចូលរួមនាឱកាសនោះ ព្រមទាំងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវត្រៀមរៀបចំធ្វើផែនការលំអិត តាមតួនាទីភារកិច្ចបែងចែក ដោយធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅ នៃពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ៕