(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមនៃវគ្គ «ពិធីការការទូត» ជំនាន់ទី១ សម្រាប់មន្ត្រីបណ្តាញខុទ្ទកាល័យ ក្រសួងស្ថាប័នដែលមានចំនួន៤២រូប។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាតំណាងទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងជាប្រធានបណ្តាញខុទ្ទកាល័យ និងលោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរយៈពេល ៥សប្ដាហ៍ ស្មើនឹង៤៨ម៉ោង ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីខុទ្ទកាល័យ នៃបណ្តាញក្រសួងស្ថាប័ន ដូចខាងក្រោម៖

*ទី១៖ បន្ថែមការយល់ដឹងអំពីប្រវត្តិ និងសញ្ញាណសំខាន់ៗ នៃពិធីការការទូត និងពិធីការក្នុងសម័យបុរាណ
*ទី២៖ ពង្រីកចំណេះដឹងអំពីការរៀបចំព្រឹត្តិការណ៍ផ្លូវការនានា ការរៀបចំទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ ការរៀបចំកិច្ចប្រជុំសន្និសីទ សិក្ខាសាលា ពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ។ល។
*ទី៣៖ បង្ហាញគន្លឹះ និងរបៀបរៀបចំខ្លួន និងឥរិយាបថ តាមរយៈការស្លៀកពាក់ កាយវិការ និងការទទួលទានអាហារជាដើម
*ទី៤៖ បន្ថែមការយល់ដឹងពីពិធីការ នៅក្នុងពិធីសាសនាធំៗ មួយចំនួនរបស់កម្ពុជា។

គួរកត់សម្គាល់ថា វគ្គនេះជាវគ្គបណ្តុះបណ្តាលលើកទី២ បន្ទាប់ពីវគ្គបណ្តុះបណ្តាលទី១ ស្តីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» ដែលបានរៀបចំឡើងពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល។

ការរៀបចំវគ្គទាំងពីរនេះ គឺជាគំនិតផ្ដួចផ្ដើម និងគាំទ្រដោយ ទេសរដ្ឋមន្ដ្រី ហូ សិទ្ធី ដើម្បីធានាថាការងារដ្ឋបាល ការងារពិធីការ និងការងារផ្សេងៗទៀត ត្រូវបានអនុវត្តតាមស្ដង់ដាររួមមួយ និងអនុលោមទៅតាមប្រពៃណី ឬក្រឹត្យក្រមដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្ដរជាតិ៕