(កំពង់ធំ)៖ ក្នុងការបន្តចូលរួម​ជំរុញ​វប្បធម៌អានរបស់​សិស្សានុសិស្ស ​និងអភិវឌ្ឍ​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យស្តង់ដារចំនួន 4 ខ្នង ដែលបានសាងសង់ និងបំពាក់សៀវភៅ និងបរិក្ខាររួចរាល់ ដោយប្រើមូលនិធិ​នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រាសាក់ ត្រូវ​បានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការកាលពីរសៀល​ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2019 ក្រោមអធិបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ពិធីសម្ពោធនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យទាំង 4 ខ្នងដែលស្ថិតនៅទីតាំងសាលាផ្សេងគ្នារួមមាន បណ្ណាល័យនៅ វិទ្យាល័យ កំពង់ថ្ម , វិទ្យាល័យ ហ៊ុន សែន សណ្តាន់ , វិទ្យាល័យ ហ៊ុន សែន រុងរឿង និងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលស្ថិតនៅទឹកដីខេត្តកំពង់ធំ ជាមួយនឹងសម្ភារៈបរិក្ខារបណ្ណាល័យយ៉ាងច្រើន និងសៀវភៅអានប្រមាណជា 12000 ក្បាល។

ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន លោក ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាល​ខេត្ត​កំពង់ធំ លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក ទឹម រតនា នាយកសាខា ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ធំ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រមទាំង លោកអភិបាល នៃគណៈអភិបាលស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាជនប្រមាណជា 1500 នាក់។

លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែល​បាន​កសាងអគារ​បណ្ណាល័យជាច្រើនដល់រហូតដល់ 41 ខ្នងនៅទូទាំងប្រទេស ដើម្បី​រួម​ចំណែក​លើកស្ទួយ​វិស័យអប់រំ និងធនធានមនុស្សនៅ​កម្ពុជា​។

ប្រាសាក់បានឆ្លើយតបត្រូវនឹងតម្រូវការ​របស់ក្រសួង​ ដែលត្រូវការអគារបណ្ណាល័យស្ដង់ដារដាច់ដោយឡែកនៅតាមសាលារៀននានា ដែលបំពាក់ដោយសៀវភៅ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ ដែលកាលពីមុនសាលារៀនត្រូវយកបន្ទប់នៃអគារសិក្សា ឬអគារទីចាត់ការមួយផ្នែកមកធ្វើជាបណ្ណាល័យ ដែលមានលក្ខណៈតូចចង្អៀត​មិនអំណោយ​ផលដល់ការអាន។

លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណ​ប្រាសាក់ដែលបានផ្ដល់ជាអគារបណ្ណាល័យរហូតដល់ 7 ខ្នងដល់ទឹកដីខេត្តកំពង់ធំ។

លោកសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នៅតាមបណ្ដាសាលារៀនទាំងនេះ​ នឹងខិតខំរៀនសូត្របង្កើនសមត្ថភាពនិងចំណេះដឹង​ខ្លួន​តាម​រយៈការចូលអាន​នៅក្នុងបណ្ណាល័យ​ក៏ដូចជាការខ្ចីសៀវភៅយកទៅអាននៅផ្ទះ ហើយឯកឧត្ដមក៏បានអំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ត្រូវចេះចូលរួមថែរក្សាបណ្ណាល័យ​នេះ​បានល្អគង់វង្ស​រហូតទៅ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ លោកជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្តល់សមិទ្ធផលអគារបណ្ណាល័យទាំងនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំ ព្រោះការអភិវឌ្ឍប្រទេសជាតិ គឺផ្អែកទៅលើការអភិឌ្ឍធនធានមនុស្សជាចាំបាច់។

លោកបន្តថា វិស័យមីក្រូហិរញ្ញវត្ថុអាចរីកចម្រើនទៅបានអាស្រ័យលើចំណេះដឹងរបស់អតិថិជន ជាពិសេសចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ និងចំណេះដឹង​ផ្នែកជំនួញជួញដូរ ដោយពួកគាត់ត្រូវចេះគិត ចេះពិចារណា ចេះប្រកបរបរ និងចេះ​ប្រើប្រាស់កម្ចីឱ្យ​បាន​ត្រឹមត្រូវ​ទើបទទួលបានជោគជ័យនិងរីកចម្រើន។ ពេលអតិថិជនទទួលបាន​បានជោគជ័យ នោះទើបស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានជោគជ័យផងដែរ។

ហេតុនេះ​ យើងត្រូវខិតខំក្រេបយកចំណេះដឹងតាមរយៈការស្ដាប់ គិត សួរ និងសរសេរ (សុ ចិ បុ លិ) ព្រមទាំងការអានផងដែរ ដូចនេះសិស្សានុសិស្ស អាចស្រាវជ្រាវ និងបង្កើនចំណេះដឹងបន្ថែមតាមរយៈ បណ្ណាល័យ នេះ។

លោកក៏បានលើកឡើងផងដែរថា សមិទ្ធផល​ដែល​បានកើតឡើង​នៅពេលនេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ​កម្ពុជាយើង ដែលផ្ដល់ឱកាសឱ្យ​យើងបាន​រៀនសូត្រ និងប្រកបរបរទទួលទាន​ចិញ្ចឹមជីវិត​បាន​ដោយសុខដុមរមនា។ លោកបានផ្ដាំផ្ញើ​សិស្សានុសិស្ស​ទាំងអស់​ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងត្រូវ​ស្រលាញ់ចូលចិត្តការអាន ដើម្បីអនាគតដ៏ភ្លឺស្វាង៕