(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលព្រឹត្តទៅនៅភូមិដំណាក់នាគ ខេត្តមណ្ឌលគីរី។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក សាន វិសាល សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ លោក ចាន់ សីហា អគ្គនាយករង និងជាតំណាងបុគ្គលិក នៃធនាគារអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីការធ្វើបទបង្ហាញរាយការណ៍លទ្ធផល របស់លោកអគ្គនាយករង និងប្រធាននាយកដ្ឋាន អំពីការអនុវត្តការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងលើកទិដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២០ លោក កៅ ថាច បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដ៏ល្អប្រសើរ របស់នាយកដ្ឋាន និងអង្គភាពគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ ហើយសមិទ្ធផលសម្រេចបានទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើន របស់ធនាគារអភិវឌ្ឍន៍ជនបទពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល និងថ្នាំដឹកនាំរបស់ធនាគារអភិវឌ្ឍជនបទ។

លោក កៅ ថាច បានណែនាំដល់បុគ្គលិក ធនាគារអភិវឌ្ឍន៍ជនបទទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តការសិក្សារៀនសូត្រ ការសិស្សាស្រាវជ្រាវលើបប្រធានបទ ដែលពាក់ព័ន្ធវិស័យធនាគារ និងវិស័យផ្សេងៗទៀត និងជាពិសេសផ្នែក Social Media ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ក្នុងការត្រៀមលក្ខណៈទទួលអនុវត្តភារកិច្ចថ្មីរបស់ធនាគារ ដោយធនាគារអភិវឌ្ឍន៍ជនបទ កំពុងរៀបចំនីតិវិធីក្នុងការប្រែក្លាយពីធនាគារអភិវឌ្ឍន៍ជនបទ ដែលមានចំណាត់ថ្នាក់ជាធនាគារឯកទេស ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ។

លោក កៅ ថាច បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់បន្តខិតខំដោះស្រាយ ការងារមួយចំនួនដែលនៅសេសសល់ និងបន្តខិតខំបំពេញការងារ ក្នុងឆ្នាំថ្មីឆ្នាំ២០២០ខាងមុខនេះ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

លោក កៅ ថាច មានទស្សនៈវិស័យចង់ឱ្យធនាគារមានការរីកចម្រើន មានដើមទុនធំ មានកេរ្តិ៍ឈ្មោះល្អ មានការទទួលស្គាល់កាន់តែច្រើនពីសាធារណជន ពិសេសប្រជាកសិករ និងមានសមត្ថភាពប្រកួតប្រជែង ជាមួយធនាគារពាណិជ្ជ។

លោក កៅ ថាច ក៏បានណែនាំដល់បុគ្គលិកទាំងអស់បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ គោរពវិន័យ ច្បាប់ និងបទប្បញ្ញត្តិនានាឱ្យមានប្រសិទ្ធភាព ព្រោះថាការគោរពវិន័យបានល្អ គឺជាកត្តាមួយនាំទៅរកភាពជោគជ័យ ក៏ដូចជាការលើកកម្ពស់មុខមាត់ កិត្តិយសរបស់ខ្លួន និងកិត្តិយកធនាគារផងដែរ៕