(ភ្នំពេញ)៖ បន្ទាប់ពីមានបុរសជនបរទេសម្នាក់ ចូលមកលេងនៅកម្ពុជា ហើយថតវីដេអូកន្លែងកខ្វក់មួយចំនួនតូច បង្ហោះដើម្បីបន្លាចភ្ញៀវទេសចរមិនឲ្យមកលេងកម្ពុជានោះ, នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចេញមកធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះជនបរទេសរូបនោះ និងចាត់ទុកថា ទង្វើរបស់ជនបរទេសរូបនោះ ព្រោះតែស្វែងរកសេវាបម្រើតណ្ហាផ្លូវភេទមិនបានទើបធ្វើបែបនេះ។

ជាមួយគ្នានេះ លោកស្រី ស៊ីវលីន បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចតាមរកជនបរទេសរូបនោះ មកឲ្យសូមទោសដល់ប្រជាជនខ្មែរទូទាំងប្រទេស និងព្រមានផ្ញើរូបថតបុគ្គលនោះទៅបណ្តាប្រទេសអាស៊ាន កុំឲ្យអនុញ្ញាតជនបរទេសនោះចូលប្រទេសគេឲ្យសោះ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សមាគមសូមធ្វើការថ្កោលទោសដល់បុគ្គលម្នាក់នេះ ដែលចូលមកកាន់កម្ពុជា ហាក់មិនចាប់អារម្មណ៍ និងស្វែងយល់អំពីវប្បធម៌ និងកន្លែងទេសចរណ៍អ្វីបន្តិចសោះ មើលមុខទំនងជាពពួក ដែលស្វែងរកតែទេសចរណ៍ផ្លូវភេទតែប៉ុណ្ណោះ តែដោយមិនបានសំរេចដូចបំណង ព្រោះកម្ពុជាបានកំពុងទប់ស្កាត់ទេសចរណ៍ប្រភេទហ្នឹង ទើបគេបង្កើតរឿងបែបហ្នឹងឡើង ដោយតាមចាប់យកកន្លែងមិនល្អ មកនិយាយមិនល្អ»។

ជាមួយគ្នានេះប្រធានសមាគមរូបនេះសង្កត់ធ្ងន់ថា «ខ្ញុំសូមឲ្យស្ថាប័នមានសមត្ថកិច្ច តាមរកអត្តសញ្ញាណបុគ្គលម្នាក់នេះ ឲ្យធ្វើការសុំទោសពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ខ្ញុំនឹងបញ្ជូនរូបភាពបគ្គលនេះ ទៅដល់ប្រទេសនៅក្នុងអាស៊ាន ដើម្បីឲ្យគេមានការប្រុងប្រយត្ន័ ក្នុងការអនុញ្ញាតិឲ្យចូលក្នុងប្រទេសដ៏មានកិត្តិយសរបស់គេ»។

លោកស្រី ឆាយ ស៊ីវលីន បានបន្តថា នៅប្រទេសកម្ពុជា មានតំបន់ទេសចរណ៍ច្រើនរាប់មិនអស់ ប៉ុន្តែបុគ្គលជនបរទេសម្នាក់នេះ មិនបានលើកយកមកនិយាយ សូម្បីតែមួយកន្លែង។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចាត់ទុកទង្វើររបស់ជនបរទេសរូបនោះ គឺជាភេវរករមានចេតនាបំផ្លាញសេដ្ឋកិច្ចខែ្មរ តាមរយៈបន្លាចទេសចរបរទេសកុំឱ្យចូលមកដើរកំសាន្ត។

លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះ «ទង្វើរបស់បរទេសរូបនេះ ដែលបានស្វែងរកថតផ្សាយតែចំនុចទីកន្លែងកខ្វក់តូចតាច ដើម្បីបន្លាចអ្នកទេសចរ។ ទង្វើជនបរទេសនេះ ជាភេវរករមានចេតនា បំផ្លាញសេដ្ឋកិច្ចខែ្មរតាមរយៈបន្លាចទេសចរបរទេសកុំឱ្យចូលមកដើរកំសាន្តនៅកម្ពុជា។ ម៉្យាងដែរ ដើររកស្ត្រីខ្មែរកំដ រតណ្ហាមិនបានក៏កើតជាកំហឹង នេះក៏បង្ហាញពីភាពល្អ នៃស្ត្រីក្នុងសង្គមខែ្មរផងដែរ។ ហើយទេសចរធន់ជននេះ មិនបាច់មកស្រុកខ្មែរ ក៏ល្អដែរ។ តើប្រទេសណាគ្មានកន្លែងកខ្វក់សោះនោះ?»