(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់វាលស្រែស្រូវប្រាំង។ ជាក់ស្តែងរបស់ប្រជាកសិករ និងបានជួយអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំង ដើម្បីសង្គ្រោះស្រូវ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិអង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានទំហំផ្ទៃដីជាង ៥០០ហិចតា។

តាមរបាយការណ៍របស់អភិបាលស្រុកបន្ទាយមាសលោក មួង នឿន នាឱកាសនោះ បានឲ្យដឹងថា ផ្ទៃដីស្រែប្រាំងដែលកំពុងប្រឈមនឹងការខូចខាតដោយសារកង្វះទឹកមានចំនួន ៣ភូមិ នៅឃុំត្នោតចុងស្រង់ លើផ្ទៃដីដាំដុះសរុបប្រមាណ ៥១២ហិកតា។

មកដល់បច្ចុប្បន្នដំណាំស្រូវប្រាំង មិនទាន់រងការខូចខាតនៅឡើយទេ ប៉ុន្តែដោយសារប្រជាពលរដ្ឋ គ្មានលទ្ធភាពក្នុងការបូមទឹកដាក់ស្រែ ទើបស្នើសុំដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ផងដែរ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ជាវ តាយ បានលើកឡើងថា ការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជារឿងចម្បងបំផុតសម្រាប់ថ្នាក់ដឹកនាំខេត្ត ហើយការចុះមកថ្ងៃនេះ ក៏មិនមែនមកដើម្បីតែបូមទឺកជួយសង្គ្រោះស្រូវ ជូនប្រជាពលរដ្ឋតែមួយមុខនោះទេ គឺលោកចង់ជួយដោះស្រាយបញ្ហា និងទុកកខ្វល់ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។

លោកអភិបាលខេត្ត ក៏បានដោះស្រាយសំណើររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានបញ្ហាសំខាន់៣ រួមមាន៖

*ទី១ ៖ ការជួយបូមទឹកដាក់ស្រែប្រាំង ដើម្បីសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា
*ទី២ ៖ ស្វែងរកទីផ្សារស្រូវឲ្យបានថ្លៃជាងមុន ប្រធានសភាពាណិជ្ជកម្មខេត្ត ត្រូវប្រឹងឲ្យអស់លទ្ធភាពក្នុងការកៀងគរអ្នកវិនិយោគ ឬឈ្មួញស្រូវធំៗឲ្យបានច្រើន
*ទី៣ ៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវចុះសិក្សាប្រព័ន្ធប្រឡាយទឹកឲ្យបានច្បាស់លាស់ តើត្រូវស្តារតាមការស្នើរបស់ពលរដ្ឋ ឬធ្វើយ៉ាងណា។

តែទោះបីយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ជាវ តាយ បានស្នើឲ្យប្រជាពលរដ្ឋធ្វើស្រូវប្រាំង ឬស្រូវពូជប្រភេទ (អ៊ីអ៊ែ) តែ២ដងបានហើយក្នុងឆ្នាំនេះ ព្រោះទឹកទន្លេវិញទេរបស់វៀតណាម ដែលហូរមកស្រោចស្រពស្រុកបន្ទាយមាស បានស្រកចុះខ្លាំងខុសពីប្រក្រតី ខណៈដែលការព្យាករណ៍ថា កម្ពុជាអាចនឹងប្រឈមអូសបន្លាយភាពគ្រោះរាំងស្រួតមានរយៈពេលយូរ។

ម្យ៉ាងទៀត ត្រូវពិចារណាមើលថា តើការធ្វើស្រែប្រាំងចំណេញឬអត់? ឬត្រូវដាំដំណាំអ្វី ដែលប្រើទឹកតិច ហើយចំណេញបានច្រើនជាងដាំដំណាំស្រូវ៕