(ពោធិ៍សាត់)៖ អង្ករចំនួន ៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីយកទៅប្រគល់ជូនបន្តដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅខេត្តពោធិ៍សាត់។

ការប្រគល់អង្ករនេះធ្វើឡើងតាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងអំណគុណជូនចំពោះសម្តេចទាំងទ្វេ ដែលតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភជាសម្ភារៈ ថវិកា ការសាងសង់ផ្ទះ ការពិនិត្យសុខភាព និងសារៈសំខាន់ផ្សេងៗជាច្រើនទៀត។

លោកបានបញ្ជាក់ថា ចំពោះអង្ករដែលអំណោយទាំងនេះ គឺដើម្បីបើកជូនគ្រួសារសមាជិកអតីតយុទ្ធជនកម្ពុជា ដែលទទួលមរណភាពបន្ថែមពីលើប្រាក់មរណៈរបស់សមាគម។

លោកបានបញ្ជាក់ទៀតថា គឹតត្រឹមចុងឆ្នាំ២០១៩នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានទទួលការឧបត្ថម្ភនូវអង្ករសរុប ២៨តោន និងថវិកាមួយចំនួនទៀត។

លោកបានលើកឡើងថា ឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងពិនិត្យមើលភាពខ្វះខាតរបស់សមាជិកសមាគម និងបានជួយសាងសង់ផ្ទះស្នាក់នៅជូនដល់សមាជិកទីទ័លក្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្គិតជាង ៣០ខ្នង និងបានផ្តល់បណ្ណថែទាំសុខភាពដោយឥតគិតថ្លៃ (ប.ស.ស) ដល់សមាជិកទាំងអស់ផងដែរ៕