(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ អញ្ជើញមកពី Korea Rural Community Cooperation, KANWON National University and Dasan Consultants ដឹកនាំដោយលោក KIN Insik នាយកគ្រប់គ្រងទូទៅសាជីវកម្មជនបទកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម នាពេលអនាគត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ទស្សនកិច្ចរបស់គណប្រតិភូនាពេលនេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត មិនត្រឹមតែប៉ុណ្ណោះ ទស្សនកិច្ចនេះ ជាការបើកផ្លូវឲ្យបានទូលាយ សម្រាប់សាជីវកម្មជនបទកូរ៉េ សាកលវិទ្យាល័យ មកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល ពីវិស័យកសិកម្មកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លី ដើម្បីចូលរួមអភិវឌ្ឍន៌វិស័យនេះ និងធនធានមនុស្សឲ្យមានការរីកចម្រើន។

លោក KIM ក្នុងនាមឲ្យគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសកោតស្ញប់ស្ញែងចំពោះប្រាសាទអង្គវត្ត ដែលជាបេតិកភណ្ឌពិភពលោក។

ជំនួបនាព្រឹកនេះ លោកប្រធានគណៈប្រតិភូបានជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងជាពិសេសអញ្ជើញមកជួបលោករដ្ឋមន្ត្រី នាពេលនេះគឺ៖

ទី១៖ ចូលរួមសម្ពោធអគារអន្តេវាសិកដ្ឋានថ្មី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង
ទី២៖ ចង់សិក្សាស្វែងយល់បន្ថែមពីសក្តានុពលកសិកម្មកម្ពុជា
ទី៣៖ សិក្សាពីតម្រូវការចំបាច់ ដែលភាគីកូរ៉េ អាចជួយបានដើម្បីអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនបន្ថែមទៀត នាពេលអនាគតតាមរយៈកិច្ចសហប្រតីបត្តិការរវាងភាគីទាំងពីរ។

លោក KIM បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីស្ថានភាពក្រលំបាក ខ្វះស្បៀងបន្ទាប់ពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ ហើយជាបន្តបន្ទាប់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ បានខិតខំតស៊ូដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រហូតមកទល់បច្ចុប្បន្ន និងជាពិសេសវិស័យកសិកម្ម ដែលឈានដល់កម្រិតកសិកម្មឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាទំនើប ក្នុងកសិដ្ឋានតាំងពី A to Z។

លោក KIM បានបន្តទៀតថា ស្ថានភាពនៃការកសាង និងអភិវឌ្ឍរបស់កម្ពុជា មានលក្ខណៈប្រហាក់ប្រហែលប្រទេសកូរ៉េ ហើយនេះគឺជាដើមហេតុដែលឲ្យភាគីកូរ៉េ ចង់មកចែករំលែកនូវអ្វីគ្រប់យ៉ាង ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ធ្វើការអភិវឌ្ឍប្រទេស និងជាពិសេសវិស័យកសិកម្មកម្ពុជា។

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះឆន្ទៈបង្កើតកិច្ចសហប្រតីបត្តិការ រវាងភាគីទាំងពីរ លើវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថា វាស្របពេលដែលក្រសួង បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម និងធនធានមនុស្សស្រប តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

គោលនយោបាយនោះ គឺសំដៅដល់ការយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យ ឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសនោះ ការបណ្តុះបណ្តាលធនធាន មនុស្សឲ្យពួកគេទទួលយកចំណេះដឹង ផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍកសិដ្ឋានដំណាំ និងសត្វរបស់ពួកគេ។

សរុបសេចក្តីមក លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ក្តីសង្ឃឹម និងជឿជាក់ជូនគណៈប្រតិភូថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនេះ សម្រេចទទួលបានជោគជ័យ៕