(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាសនេះ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល មន្ដ្រី អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ដោយក្ដីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅបំផុត សូមគោរពជូនសព្ទសាធុការពរបវរសួស្ដី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំយើងខ្ញុំទាំងអស់គ្នា ក្នុងការបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទកភាពក្នុងការបំពេញការងារ ក្រោមការដឹកនាំ និងតម្រង់ទិសប្រកបដោយព្រហ្មវិហារធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលប្រជាពលរដ្ឋទូទៅទទួលស្គាល់ថាជា មាតាមនុស្សធម៌ ដើម្បីបុព្វហេតុសុខុមាលភាពសង្គម សិល្បៈ វប្បធម៌ សាសនា។ ក្នុងគ្រប់សកម្មភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែមានកាយវិការទន់ភ្លន់ រួសរាយរាក់ទាក់ តែម៉ឺងម៉ាត់ បង្ហាញពីក្តីស្រឡាញ់ពេញចិត្ត ផ្តល់ក្តីសង្ឃឹមដល់អ្នករងគ្រោះ និងងាយរងគ្រោះបំផុត។

លើសពីនេះទៅទៀត សញ្ញាបត្របណ្ឌិតកិត្តិយសចំនួន៥ពីអន្តរជាតិ និងតួនាទីដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ គឺពិតជាសក្ខីកម្មនៃការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ចំពោះគុណតម្លៃនៃសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ហើយក៏បានរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមជាសកលផងដែរ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដើរតាមគន្លងវីរៈ គំរូដ៏ឧត្តុង្គឧត្តម នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសូមលំឱនកាយ វាចាចិត្តលើកហត្ថអញ្ជលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាជាតិមាតុភូមិកម្ពុជា សូមអភិបាលប្រទានសព្ទសាធុការពរជ័យព្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រស ចៅស្រី ជាទីស្រឡាញ់សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕