(កំពង់ឆ្នាំង)៖ លោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការសម្ភោធដាក់ឱ្យដំណើរមជ្ឈមមណ្ឌលសិក្សាទំនើប នៅក្នុងសាលាបឋមសិក្សាព្រះគំរូក្រុង នៅក្នុងខេត្តកំពង់ឆ្នាំងនេះ និងរឹតតែជួយបង្កើននូវចំណោះដឹងដល់កុមារតូចៗ បានកាន់តែច្រើនបន្ថែមទៀត តាមរយៈការអប់រំ តាមបែបទំនើបស្របតាមស្ទង់ដារអន្តរជាតិ។

លោក កាន់ ពុទ្ធី បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការ មជ្ឈមមណ្ឌលសិក្សាទំនើបនៅក្នុងសាលាបឋមសិក្សាព្រះគំរូក្រុង ក្នុងខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការចួលរួមពីលោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុន រៀលលាននែរគ្រុប, លោក នុត អង្គារ នាយកសាលាបឋមសិក្សាព្រះគំរូក្រុង រួមទាំងមានមាតាបិតា អាណាព្យាបាល សិស្សានុសិស្សជាច្រើនរូបផងដែរ។

លោក កាន់ ពុទ្ធី បានឱ្យដឹងទៀតថា ការបង្កើតឲ្យមានមជ្ឈមមណ្ឌលសិក្សាទំនើបនៅក្នុងសាលាបឋមសិក្សាព្រះគំរូក្រុង ដែលបានបន្ថែមមុខជំនាញ ភាសាអង់គ្លេស, ភាសាចិន, កុំព្យូទ័រ, រ៉ូបូទិក មុខវិជ្ជាស្ទែម, និយាយភាសាអង់គ្លេសជាសាធារណៈ និងការសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យនេះ គឺដើម្បីផ្ដល់ចំណេះដឹងជំនាញ និងប្រាជ្ញាស្មាតី ជូនទៅដល់កុមារតូចៗ ក្នុងវ័យបឋមសិក្សាឲ្យបានទទួលការអប់រំតាមកម្មវិធីទំនើប ដែលឆ្លើយតបទៅនឹងបរិបទនៃការអប់រំសម្រាប់សតវត្សរ៍ទី២១ នៃបដិវត្តឧស្សាហកម្មទី៤។

លោក គុយ ប៉ាន់ឆ័យ បានថ្លែងឱ្យដឹងដែរថា សម្រាប់វគ្គសិក្សាទាំង៦មុខនេះ តម្រូវឲ្យអ្នកអាណាព្យាបាលសិស្សម្នាក់ៗ ចូលរួមបដិភាគ ដែលរហូតមកដល់ពេលនេះទទួលបានសិស្សចុះឈ្មោះចូលរៀនចំនួន ៧១នាក់ហើយ។ កម្មវិធីនេះអាចដាក់បង្រៀនដល់សិស្សានុសិស្សចាប់ពីកម្រិតបឋម រហូតដល់កម្រិតមធ្យមសិក្សា ដែលជួយបណ្តុះភាពវៃឆ្លាតដល់ពួកគេស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ នៃវិស័យបច្ចេកវិទ្យាទំនើបនាសតវត្សទី២១ ទាក់ទងនឹងការ សាងសង់គ្រឿងយន្ត ការច្នៃប្រឌិត ការបង្កើតថ្មី ចំណេះដឹងកម្មវិធីសរសេរកូដ អភិវឌ្ឍសមត្ថភាពខួរក្បាលកុមារ និងយុវជនបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការសិក្សា បែបអនុវត្តផ្ទាល់ ព្រមទាំងលាយឡំនឹងការកម្សាន្តផងដែរ។

លោក នុត អង្គារ ក៏បានធ្វើអំពាវនាវទៅដល់អាណាព្យាបាលសិស្ស ទាំងអស់ចូលរួមជាមួយវិស័យឯកជន ដែលបានដាក់ឱ្យដំណើរការកម្មវិធីសិក្សាបែបទំនើប ក្នុងសាលាបឋមសិក្សាព្រះគំរូក្រុងនេះ ដើម្បីលើស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ចំណេះដឹងបន្ថែមជូនទៅដល់កូនៗ របស់ខ្លួនឲ្យក្លាយទៅជាធនធាន មនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិផងដែរ៕