(ភ្នំពេញ)៖ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News តាមរយៈកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ថា តាមការគ្រោងទុកការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (IPO) របស់ធនាគារអេស៊ីលីដា រំពឹងថានឹងអាចចូលទីផ្សារមូលបត្រកម្ពុជា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០។

ធនាគារអេស៊ីលីដា នឹងក្លាយទៅជាធនាគារដំបូងគេបង្អស់ ដែលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនជាសាធារណៈ ក្នុងផ្សារមូលបត្រកម្ពុជា បន្ទាប់ពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនរបស់ក្រុមហ៊ុនពីមុនចំនួន៥។

លោកស្រី អមរា បញ្ជាក់ថា «ជាការពិតណាស់យើងសង្ឃឹម និងជឿជាក់ថា ការចូលផ្សារមូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដា នាពេលនេះ នឹងជួយធ្វើឱ្យផ្សារមូលបត្រកម្ពុជា កាន់តែសកម្ម និងមានភាពរីកចម្រើន បន្ថែមទៀត នាពេលអនាគត សម្រាប់ចូលរួមចំណែកអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ វិនិយោគ និងមូលបត្រនៅកម្ពុជា»។

បន្ទាប់ពីអេស៊ីលីដា ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ឱ្យរៀបចំដំណើរការចុះបញ្ជីបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) រួចមក នាបច្ចុប្បន្ននេះអេស៊ីលីដា បាននិងកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយបន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចុះបញ្ជី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធនាគារនឹងដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនជាសាធារណៈ ទៅគណៈកម្មការមូលត្រកម្ពុជា (គ.ម.ក)។

សម្រាប់មូលធនដែលធនាគារអេស៊ីលីដា គ្រោងប្រមូលពីសាធារណៈតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ មិនត្រូវបានលោកស្រី ម៉ារ អមរា បញ្ជាក់នៅឡើយទេ ដោយហេតុមិនទាន់ទទួលការអនុញ្ញាពីអាជ្ញាធរនៅឡើយ។

ចំពោះមូលធនដែលប្រមូលពីសាធារណជនតាមរយៈ IPO នេះ អនុប្រធាននាយកប្រតិបត្តិរូបនេះអះអាងថា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ ការអភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ ឌីជីថល និងកន្លែងបម្រើសេវាកម្មធនាគារដោយខ្លួនឯង (self-service centers) និងកែលម្អ និងធ្វើនវានុវត្តន៍ លើអាជីវកម្ម សេវាកម្ម និងប្រតិបត្តិការ របស់ធនាគារអេស៊ីលីដា សំដៅបម្រើអតិថិជន និងសាធារណជន ឱ្យកាន់តែប្រសើរឡើងជាលំដាប់, ធានាបាននូវកំណើន និងវិបុលភាព ប្រកបដោយចីរភាព និងបរិយាប័ន្ន (financial inclusiveness) របស់ធនាគារអេស៊ីលីដា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកស្រី ម៉ារ អមរា បានលើកឡើងថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធនាគារ អេស៊ីលីដា ពីព្រោះថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុននេះ អាចនឹងចូលរួមចំណែកជួយឱ្យធនាគារ អេស៊ីលីដា កាន់តែទទួលបានជោគជ័យ កំណើន និងវិបុលភាព ប្រកបដោយចីរភាព អភិបាលកិច្ចល្អ និងបរិយាប័ន្ន (financial inclusiveness) ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈ៖

ទី១៖ ការកៀរគរ និងប្រមូលដើមទុនបន្ថែម របស់ធនាគារ អេស៊ីលីដា ពីអតិថិជន និងសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដែលជាប្រភពផ្តល់ទុនថ្មីមួយទៀត បន្ថែមទៅលើប្រភពទុនដែលកំពុងមានស្រាប់ សម្រាប់ពង្រីកអាជីវកម្មឱ្យកាន់តែទូលំទូលាយ,ចូលរួមផ្តល់ការគាំទ្រដល់ការធ្វើពិពិធកម្ម(diversify)សេដ្ឋកិច្ចកម្ពុជា, និងគាំទ្រយុទ្ធសាស្រ្តរយៈពេលវែងរបស់ធនាគារ អេស៊ីលីដា។

ទី២៖ ការអភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការធ្វើពិពិធកម្ម និងធ្វើនវានុវត្តន៍លើសេវាកម្ម និងប្រតិបត្តិការ របស់ធនាគារ អេស៊ីលីដា សំដៅបម្រើអតិថិជន និងសាធារណជន ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ទី៣៖ ការទទួលបានទំនុកចិត្ត និងការជឿជាក់បន្ថែមទៀត ដោយផ្តល់ឱកាសឱ្យអតិថិជន អ្នកវិនិយោគ និងសាធារណជន ជារូបវ័ន្តបុគ្គល អាចចូលរួមវិនិយោគជាមួយធនាគារ អេស៊ីលីដា តាមរយៈការទិញភាគហ៊ុន តាមកម្រិតធនធានរបស់ខ្លួន ហើយក្លាយទៅជាម្ចាស់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ តាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំ និងការកើនឡើងនូវតម្លៃភាគហ៊ុន។

សូមជម្រាបថា រយៈពេល២៧ឆ្នាំកន្លងមកហើយ ដែលធនាគារ អេស៊ីលីដា បានកម្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជាធនាគារលំដាប់ថ្នាក់លេខ១ ក្នុងកម្ពុជា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប (៣.៦១ប៊ីលានដុល្លារអាមេរិក) និងមូលធនសរុប (៨៩៨.៥៦លានដុល្លារអាមេរិក) ទ្រព្យសកម្មសរុប (៦.០៩ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសរុប (៤.២៤ប៊ីលានដុល្លារអាមេរិក)៕