(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យសិស្សានុសិស្ស ដែលមានបំណងចង់មកធ្វើការជំនាញមួយ ដែលច្បាស់លាស់ពិតប្រាកដ ត្រូវមកសិក្សារៀនសូត្រ នៅវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ ដើម្បីមានឱកាសចាប់យកជំនាញមួយច្បាស់លាស់ ក្នុងការធ្វើឲ្យខ្លួនមានសមត្ថភាពមួយច្បាស់លាស់។

ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសដែល លោក សុក ហៃ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី ការតម្រង់ទិសវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ដោយមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហគ្រាស រួមទាំងសិស្សានុសិស្សជាច្រើន ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

បើតាមលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានលើកឡើងថា ពិធីផ្សព្វផ្សាយ គឺមានគោលដៅក្នុងការផ្សព្វផ្សាយ ដល់ជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដើម្បីកាត់បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន។

លោក ឯក ហៀង បានបញ្ជាក់ថា វិទ្យាស្ថានមានការបង្រៀនជំនាញរយៈពេលខ្លី គឺមានការចិញ្ចឹម ជ្រូក មាន់ ទា គោ ត្រីដាំបន្លែ និងធ្វើជីកំប៉ុស ការសិក្សារយៈពេល៤ខែ មានសិក្សាទៅលើជំនាញការជួសជុលម៉ូតូ សំអាងការ កាត់ដេរជាដើម។ លោកថា នៅក្នុងការសិក្សា គឺជ្រើសរើសយកសិស្ស ដែលជ្រើសរើសយកសិស្សថ្នាក់ទី៩ ជាប់ឬធ្លាក់ដើម្បីយកមកបង្រៀន នៅផ្នែកសេវាកម្មរដ្ឋបាល ក្រាហ្វីច អគ្គិសនី និងថែទាំជួសជុលរថយន្តជាដើម។

ក្នុងឱកាសនោះ លោក សុខ ហៃ បានថ្លែងអំណរគុណទៅដល់ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ នៅតែយកចិត្តទុកដាក់ ដូចជាថ្នាក់ដឹកនាំក្នុងការបង្កើតកម្មវិធីសិក្សា ដើម្បីស្របទៅនឹងបរិបទសាកលភាវូបនីយកម្ម ក្នុងការជួយដល់សិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីឲ្យមានជំនាញច្បាស់លាស់ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង ។

លោក សុក ហៃ បានលើកឡើងថា ការសិក្សាផ្នែកជំនាញទន់ ជាផ្នែកមួយមិនអាចខ្វះ ដើម្បីបំពេញបន្ថែមលើជំនាញឯកទេស និងសម្រាប់ភាពជោគជ័យ ក្នុងការងារ ឬមុខជំនួញ ក៏ដូចជាការទទួលស្គាល់ចម្រៀងពន្ធ គឺជាចំណុចចាប់ផ្ដើមឈាន ទៅចូលរួម ក្នុងទីផ្សារការងារប្រកប ដោយសេចក្តីសង្ឃឹមជឿជាក់ និងមានភាពទាក់ទាញ ដែលជំរុញឲ្យយុវជន ដែលបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេស បំពេញការងារប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ ហើយក៏កសាងទំនុកចិត្ត ពីសំណាក់ដៃគូរអភិវឌ្ឍន៍ដូចជាធានា ដល់អ្នកវិនិយោគដែលប្រើប្រាស់ នូវកម្លាំងពលកម្មរបស់យើង អាចមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះ លោក សុក ហៃ បានជំរុញឲ្យអ្នកចូលរួម ខិតខំរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យមានសមត្ថភាពតាមបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ៕