(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការស្តីទី និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកលើកទី៩ (ឆ្នាំទី៥ គិតចាប់តាំងពីឆ្នាំ២០១៥រៀងមក) ដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ ដែលមានសមាជិកជាជនពិការ ចាស់ជរាគ្មានទីពឹងចំនួន៧១នាក់ រស់នៅក្នុងផ្ទះជួលស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួនទៀត។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ លើកទឹកចិត្ត និងការកោតសរសើរចំពោះជនពិការទាំងអស់ ដែលតស៊ូជំនះគ្រប់ឧបសគ្គក្នុងជីវិតរស់នៅ ខិតខំតាមជំនាញរៀងៗខ្លួនប្រកបដោយគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលនេះជាផ្នែកមួយនៃការចូលរួមជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិលើកកម្ពស់ជនពិការ ឱ្យរស់នៅស្មើមុខស្មើមាត់ក្នុងសង្គមដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ លោកស្រី បានពាំនាំនូវការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ជនពិការទាំងអស់ ឱ្យគួរបង្កើនទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ឬសប្បុរសជនដើម្បីសុំការអនុញ្ញាតឬសហការរៀបចំការប្រគុំតន្ត្រី នៅក្នុងឱកាសនៃកម្មវិធី ឬពិធីបុណ្យប្រពៃណីនានា តាមរយៈ ក្រុមសិល្បៈតន្ត្រីរីករាយ របស់អង្គការ និងការពិព័រណ៌បង្ហាញពីសមិទ្ធផលស្នាដៃលើវិស័យកាត់ដេរសំលៀកបំពាក់របស់ក្រុមស្ត្រីពិការឱ្យបានទូលំទូលាយ ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីសប្បុរសជន។

ជាមួយគ្នានេះដែរ ជនពិការទាំង ៧១នាក់ បានសម្តែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីមេត្តា ករុណា និងលើកទឹកចិត្ត និងជួយសម្រាលការលំបាកជនងាយរងគ្រោះទាំងអស់ ដោយគ្មានការរើសអើងអ្វីឡើយ។ បង-ប្អូនជនពិការ សូមបួងសួងដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ អាយុយ៉ឺនយូរដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពជានិច្ច ដើម្បីជាម្លប់ដ៏កក់ក្តៅដល់បង-ប្អូនជនពិការទាំងអស់។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន៖ អង្ករ ៥០០គីឡូក្រាម មីយើង ១០កេស ត្រីខ ៥កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប និងថវិកា ៥លានរៀល។ ដោយឡែក ជនពិការទាំង ៧១នាក់ ម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ៥ម៉ឺនរៀល។

គួររំលឹកថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាស្បៀង សម្ភារ និងថវិកា ព្រមទាំងឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រគុំតន្ត្រីជនពិការសប្បុរសធម៌ របស់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ បានចំនួន៨លើករួចមកហើយ ដែលថ្ងៃនេះជាការផ្តល់ជូនលើកទី៩៕