(ភ្នំពេញ)៖ ដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានអាយុកាលប្រមាណមួយសតវត្ស បានបញ្ចប់ការជួសជុលរួចរាល់ និងប្រក់ក្បឿងថ្មី ដោយរក្សានូវរចនាបថដើមបន្ទាប់ពីចំណាយពេលជាងពីរខែ ក្នុងការកែលម្អជួសជុល។ ការកែលម្អដំបូលអគារសិក្សា «D» នេះ ត្រូវបានរ៉ាប់រងផ្នែកហិរញ្ញវត្ថុទាំងស្រុងដោយក្រុមហ៊ុន ជីប ម៉ុង។

ពិធីប្រគល់ និងទទួលជាផ្លូវការដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមការឧត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើឡើងនាព្រឹកមិញ ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់។
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ីលីវណ្ណ បញ្ជាក់ថា «ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគទៅសង្គមវិញ។ ការជួយជួសជុលដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ នឹងជួយសម្រួលដល់ការសិក្សារបស់ និស្សិតឲ្យកាន់តែប្រសើរ បញ្ចៀសបញ្ហាលិចទឹក ដែលនាំឲ្យប៉ះពាល់ដល់សម្ភារៈសិក្សា»។

លោក បូរី ស៊ីលីវណ្ណ បន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការជួសជុលដំបូលអគារនេះ មិនត្រឹមតែជួយលើកស្ទួយវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែបានជួយអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាតិផងដែរ ពីព្រោះការជួសជុលដំបូលអគារនេះ ធ្វើឡើងដោយរក្សារចនាបថដើមឲ្យនៅដដែល។

សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ជីង សោមមុនី មានក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានរួមចំណែកក្នុងវិស័យអប់រំ និងវប្បធម៌ ដោយជួយអភិរក្ស និងអភិវឌ្ឍសម្បតិ្តបេតិកភណ្ឌជាតិមួយនេះ ព្រមទាំងកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ព្រមទាំងអនាគត៕