(ភ្នំពេញ)៖​ សិស្សា​នុ​សិស្ស​វ័យ​ក្មេង​របស់​កម្ពុជា និង​មាតា-បិតា​របស់​ក្រុម​សិស្ស​ទាំង​នោះ បាន​​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃនេះ នៅ​​​អគារ Raintree ដើម្បី​ចូល​រួម​ក្នុង​ពិធី​បញ្ចប់​វគ្គ​សិក្សា​​ជាផ្លូវ​ការ​របស់​ពួក​គេ និង​ដើម្បី​បង្ហាញ​ពី​គម្រោង​បច្ចេក​វិទ្យា​របស់​ខ្លួន ក្នុង​​កម្ម​វិធី​​អប​អរ​​នូវ​ការ​បញ្ចប់​យ៉ាង​ជោគ​ជ័យ​ទៅលើ​កម្ម​វិធី​​សិក្សា​របៀប​បង្កើត​កូដ​​ ហៅ​ថា Tiny Coding Cats​។

Raintree ជា​ការិយា​ល័យ​អភិវឌ្ឍ​​អ្នក​បង្កើត​គំនិត​​ច្នៃ​ប្រឌិត​ដំបូង​គេ​​របស់​​​កម្ពុជា ដែល​មាន​បំណង​​ក្លាយ​ជា​​កន្លែង​បណ្តុះ​បណ្តាល​មួយ​សម្រាប់​ការ​កសាង​សមត្ថ​​ភាព​លើ​វិស័យ​អប់​​រំ និង​បច្ចេក​វិទ្យា​នោះ បាន​ចាប់​ដៃគូ​ជាមួយ​​​នឹង​ Saturday Kids (សឹង្ហ​បុរី) លើ​ការ​បង្កើត​កម្ម​វិធី​សាក​ល្បង​ជាច្រើន ដើម្បី​​ផ្តល់​​ការ​បណ្តុះ​បណ្តាល​លើ​​ជំនាញ​​ឌីជី​ថល​សម្រាប់​សិស្សា​នុសិស្ស​កម្ពុជា​។ កម្ម​វិធី​នេះ ត្រូវ​បាន​ឧប​ត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart Axiata ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​​នេះ ដើម្បី​ធ្វើ​ទំនើប​កម្ម​​ប្រទេសកម្ពុជា តាម​រយៈ​ការ​អប់​​រំ​​ប្រព័ន្ធ​ឌី​ជី​​ថល​។

ក្រោយពី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ កម្ម​វិធី Tiny Coding Cats ជា​​កម្ម​វិធី​​បង្រៀន​ពី​ជំនាញ​បង្កើត​កូត​រយៈ​ពេល​៦​សប្តាហ៍​មួយ ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​សម្រាប់​សិស្សា​នុសិស្ស​វ័យ​ក្មេង​របស់​កម្ពុជា ដែលមាន​អាយុ​​ចន្លោះ​ពី​៨ ទៅ​១២​ឆ្នាំ ដើម្បី​​ក្លាយ​ជា​អ្នក​​សិក្សា​​ដែល​ចង់​ចេះ​ចង់​ដឹង មាន​ភាព​ឆ្លាត​វៃ និង​មាន​ការ​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​។

កម្ម​វិធី​​សិក្សា​មួយនេះ រាប់​បញ្ចូល​ទាំង​ មូល​ដ្ឋាន​គ្រឹះ​នៃ​វិទ្យា​សាស្ត្រ​កុំ​ព្យូទ័រ​ជា​មូលដ្ឋាន ផង​ដែរ ដូច​ជា Loops (កម្ម​វិធី​សា​ឡើង​វិញ), Cloning (ការ​ចម្លង​កម្មវិធី), Broadcast (ការ​បញ្ជូន​សំណុំ​ឯក​សារ) និង Sensing (កម្មវិធីដឹង​ដោយ​ស្វ័យ​ប្រវត្តិ)​។ ក្នុង​ពេល​បញ្ចប់​មេរៀន​នីមួយ​ៗ សិស្សា​នុ​សិស្ស​ទាំង​អស់​​បានឃើញពី​របៀប​ដែល​គម្រោង​របស់​ពួក​គេ​អាច​កើត​ឡើង តាម​រយៈ​ការ​អនុ​វត្ត​កម្ម​វិធី​កូដ​របស់​ពួកគេ​។ សិស្សា​​នុសិស្ស​​ទាំង​អស់ អាច​​បង្កើត​រឿង​​រ៉ាវ​ផ្សេង​ៗ​របស់​ខ្លួន​ជា​គំនូ​ជី​វ​ចល និង​ហ្គេម​ផ្សេង​​ៗ ដោយ​ខ្លួន​ឯង ហើយ​បន្ទាប់​មកស្នា​ដៃ​របស់​ពួក​គេ អាច​នឹង​ត្រូវ​ចែក​រំលែក​ជា​មួយ​​សិស្ស​ផ្សេង​ទៀត​​ ដើម្បី​សហ​ការ​គ្នា​ទៅលើ​គម្រោង​តែមួយ​។

តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធីភាសា Scratch ​កម្ម​វិធី​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​សិស្សា​នុសិស្ស​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​​ទាំង​ភាសា​ខ្មែរ និង​អង់​គ្លេស ជា​មធ្យោ​បាយ​​​មួយ​ក្នុង​ការ​បង្រៀន ដែល​នេះ​​​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងមួយ ​ក្នុង​ការ​ជំ​រុញ​​លើ​ជំនាញ​ដោះស្រាយ​បញ្ហា និង​​ជំនាញ​​លើ​ការ​វិភាគ សម្រាប់​សត​វត្សរ៍​ទី​២១​។

ទាក់​ទង​នឹង​មូល​ហេតុ​​ ដែល​​កម្មវិធី​កូដ​​បង្កើត​ឲ្យ​មាន​ផ្លាត​ហ្វម​​ដ៏ល្អ​ឥត​ខ្ចោះ​មួយ​ ក្នុង​ការ​បណ្តុះ​ជំនាញ​ទាំង​នេះ កញ្ញា Nora Viblanc ដែល​ជា​គ្រូ​បង្រៀន​ម្នាក់​ក្នុង​កម្មវិធី​នេះ បាន​មាន​ថ្លែង​ថា៖ «ជា​រួម កម្ម​វិធី​នេះ ​ផ្តោត​លើ​ការ​​ធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​លើ​ការ​ពិចារណា និង​​ការ​គិត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​។ ដំណើរ​ការ​នៃ​កម្ម​វិធី​សិក្សា​ពី​កូដ​នេះ តម្រូវ​ឲ្យ​យើង​ដោះ​ស្រាយ​បញ្ហា​​​ផ្សេង​ៗតាម​រយៈ​ការ​បំ​បែក​​បញ្ហា​ប្រឈម​ដ៏​ស្មុគ​ស្មាញ​​ទាំង​នោះ ឲ្យ​​ទៅ​ជា​បញ្ហា​តូច​ៗ ដែល​អាច​គ្រប់គ្រង​បាន បន្ទាប់​មក ចាប់​​ផ្តើម​លុប​ចោល​បញ្ហា​ទាំង​នោះ ជា​ជំហាន​ៗ តាម​​របៀប​ជា​យុទ្ធ​សាស្ត្រ ហេតុនេះ សិស្សា​នុ​សិស្ស​ទាំង​អស់ នឹង​ធ្វើ​ឲ្យ​​ជំនាញ​វិភាគ​​របស់​ពួកគេ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​»​។

អ្នកស្រី Urvi Doshi នាយក​​ផ្នែក​យុទ្ធ​សាស្ត្រ​នៅ​ Saturday Kids បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​កម្មវិធី Tiny Coding Cats យើង​មិន​វាស់​វែង​​លើ​ភាព​ជោគ​ជ័យ​តាម​រយៈ​ការ​រាប់​ចំនួន​អ្នក​ដែល​ចេះ​​បង្កើត​​កម្ម​វិធី ដែល​យើង​​បណ្តុះ​បណ្តាល​បាន​ឡើយ ប៉ុន្តែ យើង​ផ្អែក​ទៅ​លើ​ចំនួន​សិស្ស​ ដែលមាន​ការ​រំភើប ចង់​ចេះ​ចង់​ដឹង និង​​មាន​ការ​លើក​ទឹក​ចិត្ត​​ជាង​មុន លើ​ការ​សិក្សា​រៀន​សូត្រ បន្ទាប់​ពី​​ទទួល​បាន​បទ​ពិសោធ​ពី​ថ្នាក់​សិក្សា​របស់​​យើង​។ យើង​ឲ្យ​តម្លៃ​​ទៅលើ​ដំណើរ​ការ​នៃការ​សិក្សា​រៀន​សូត្រ ជាង​ផលិត​ផល​ចុងក្រោយ​។ «ការ​​បរា​ជ័យ» ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​​រៀប​ចំ​ខ្លួន​ជា​ថ្មី​ វា​ហាក់ដូច​ជា​ជីវិត​ពិត​អញ្ចឹង ខណៈ​ដែល​យើង​ទាំង​អស់​គ្នា កំពុង​តែ​ធ្វើ​រឿង​ជាច្រើន​ដោយ​ខ្លួន​ឯង កំពុង​តែ​​បរា​ជ័យ កំពុង​តែ​ដោះស្រាយ​​បញ្ហា​​ដែល​បាន​ដំណើរ​ការ​ខុស​ និង​​កំពុង​តែ​ព្យា​យាមម្តង​ទៀត​»។

យើង​លើក​ទឹក​ចិត្ត​ឲ្យ​​កុមារា-កុមារី​ ជម្នះ​​ឧប​ស័គ្គ​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង ទទួល​យក​បទ​ពិសោធ​ផ្សេង​ៗ និង​​មានភាព​​ក្លា​ហាន​ក្នុង​ការ​ទទួល​បរា​ជ័យ ក្នុង​ចន្លោះ​សុវត្ថិ​ភាពមួយ ជាង​ការ​បង្កើត​គម្រោង​ដ៏​ល្អ​ឥត​ខ្ចោះ​ជាច្រើន​។ វា​គឺ​ជា​​មេរៀន​ដែល​ត្រូវ​បាន​សិក្សា​តាម​រយៈ​បទពិសោធ​បែប​នេះ ដែល​នឹង​ជួយ​ដុស​ខាត់​ពួកគេ​​ឲ្យ​ទៅ​ជា​អ្នក​សិក្សា​​ដ៏​រឹង​មាំ​ក្នុង​ជីវិត​។ កម្ម​វិធី​នេះ បាន​ស្វាគមន៍​សិស្សា​នុសិស្ស ដែល​មាន​​ប្រវត្តិ​រូប​ផ្សេង​ៗ​គ្នា ក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ ​​ក្នុង​ការ​ផ្តល់​ឱកាស​ផ្សេង​ៗ​សម្រាប់​រាល់​ក្រុម​​គ្រួសារ​ទាំង​អស់ ក៏ដូច​ជា​យល់​​ច្បាស់​ពី​សារៈ​សំខាន់​នៃ​មុខ​វិជ្ជា​​ឌី​ជី​ថល​អន្តរ​ជាតិ ដែល​យក​ទៅ​បង្រៀន​ដល់​សិស្សា​នុសិស្ស​​ខ្មែរ​។

លោក Andrey Kuzin ប្រធាន​ផ្នែក​បច្ចេក​ទេស​នៅ​ក្រុមហ៊ុន Smart Axiata បាន​ឱ្យដឹងថា «យើង​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​​ការ​​បណ្តុះ​បណ្តាល​សិស្សា​នុ​សិស្ស​វ័យ​ក្មេង​​របស់​កម្ពុជា ក្នុង​វ័យ​កុមារ​ភាព លើ​​មុខ​វិជ្ជា​បង្កើត​កូដ និង​បង្កើត​​កម្មវិធី​។ យើង​ជឿជាក់​ថា មុខ​វិជ្ជា​នេះ អាច​​ជួយ​​​បង្កើន​​ការ​​ចង់​ចេះ​ចង់​ដឹង និង​ការ​ស្រមៃ​គិត​របស់​ពួក​គេ ដើម្បី​អភិវឌ្ឍការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​​​​បន្ថែម​​ទៀត​ លើ​ការ​សិក្សា​រយៈ​ពេល​ដ៏​វែង​ក្នុង​ជីវិត ក៏ដូច​ជា​​លើក​ទឹក​ចិត្ត​​លើ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​វិស័យ​អប់​រំ​។ យើង​សង្ឃឹម​ថា កុមារា-​កុមារី​ទាំង​នេះ នឹង​បន្ត​​​អភិវឌ្ឍ​​លើ​មុខ​វិជ្ជា​ដែលពួកគេ​បាន​សិក្សា​រៀន​សូត្រ​ អំឡុង​ពេល​នៃ​កម្មវិធី​នេះ និង​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​​ទេព​កោសល្យ​ឌី​ជី​ថល ក៏ដូច​ជា​ការ​បង្កើត​កូដ​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​ពួកគេ​មាន​វ័យ​កាន់​តែ​ច្រើន​»​។

​សិស្ស​ទាំង​​អស់ មិន​ត្រឹម​តែ​​​រៀន​ពី​ការ​កម្មវិធី​កូដ​ឡើយ ប៉ុន្តែ ពួក​គេ​ក៏​បង្កើត​កូដ​ដើម្បី​រៀន​ ដើម្បី​ចង់​​ចេះ​ចង់​ដឹង និង​មាន​ភាព​ឆ្លាត​វៃ និង​ដើម្បី​ត្រៀម​​ខ្លួន​រួច​រាល់​សម្រាប់​បញ្ហា​​ប្រឈម​ក្នុង​ជីវិត សម្រាប់​សត​វត្សរ៍​ទី​២១​៕