(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា ចំនួន១០ ចូលរួមក្នុងការកសាងបណ្ណាល័យឌីជីថលពិភពលោក BNEUF (Bibliothèque Numérique de l’Espace Universitaire Francophone) ដែលបានបើកជាផ្លូវការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

បណ្ណាល័យឌីជីថល BNEUF ផ្តល់ភាពងាយស្រួលក្នុងការចូលប្រើប្រាស់ទិន្នន័យ រហូតដល់១០លាន ដែលជាធនធានឯកសារ វិធីសាស្ត្រគរុកោសល្យ វិទ្យាសាស្ត្រ និងវប្បធម៌ ជាភាសាបារាំង និងជាភាសាផ្សេងៗជាច្រើនទៀត។

ធនធានទាំងនោះ មានប្រភពមកពីគ្រឹះស្ថាន ចំនួន៩៩០ ដែលជាសមាជិក នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលមានវត្តមាន នៅក្នុងប្រទេសចំនួន១១៨ ក្នុងនោះរួមមាន កម្ពុជាផងដែរ។ សាកលវិទ្យាល័យនៅកម្ពុជា ចំនួន១០ ជាសមាជិករបស់ AUF នឹងរួមវិភាគទានដល់ការអភិវឌ្ឍន៍បណ្ណាល័យនេះ។

លោក អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានឲ្យដឹងថា BNEUF អាចឲ្យយើងលើកតម្លៃជំនាញឯកទេស នៅក្នុងកម្រិតអន្តរជាតិ ហើយម្យ៉ាងទៀតអាចឲ្យចូលប្រើប្រាស់ ឯកសារដោយគ្មានដែនកំណត់ នូវធនធានទាំងឡាយជាចំណេះដឹង និងចំណេះធ្វើផងដែរ។ លោកថាបណ្ណាល័យ ដែលបានកសាង និងចែកចាយរួចហើយនេះ អាចស្វែងរកបានអ្នកជំនាញប្រមាណ១៨,០០០នាក់ មកពីគ្រប់ជំនាញទាំងអស់។

អគ្គនាយកសាលាតិចណូ បានអះអាងទៀតថា «ការបើកទ្វារទៅរកអន្តរជាតិ ស្ថិតក្នុងបេះដូង នៃយុទ្ធសាស្ត្ររបស់គ្រឹះស្ថានយើង។ BNEUF នឹងអាចឲ្យយើង ពង្រីកបណ្តាញជាដៃគូរអប់រំតាមរយៈពិភពលោក និងការផ្លាស់ប្តូរអ្នកជំនាញទៅវិញទៅមក ដើម្បីបង្កើនគុណភាពបណ្តុះបណ្តាល និងការស្រាវជ្រាវ»។

BNEUF ស្ថិតក្នុងក្របខ័ណ្ឌ នៃកម្មវិធីទាំង៤ នៃសកម្មភាពរបស់ IDNEUF ដែល AUF បានដាក់ឲ្យដំណើរការស្របតាមអាណត្តិ ដែលសម្រេចដោយរដ្ឋមន្ត្រីអប់រំជាន់ខ្ពស់ ដែលប្រើប្រាស់ភាសាបារាំង។ វាជាការផ្តួចផ្តើមគំនិតមួយ ដែលកើតចេញពីសេចក្តីសម្រេច នៃកិច្ចប្រជុំលើកទី១ របស់រដ្ឋមន្ត្រីអប់រំជាន់ខ្ពស់ ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងឆ្នាំ២០០៥ នាទីក្រុងប៉ារីស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សាកលវិទ្យាល័យទាំងឡាយ ជាពិសេសសាកលវិទ្យាល័យ នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លោក Abdelkader Zighed នាយកឌីជីថលរបស់ AUF បានពន្យល់អំពីបេសកកម្មរបស់ BNEUF ថា គ្រឹះស្ថានអប់រំជាន់ខ្ពស់ទាំងឡាយ នឹងត្រូវទទួលនូវលំហូរកើនឡើង នៃចំនួននិស្សិតដែលមកពីប្រភព និងវប្បធម៌ផ្សេងៗគ្នា ជាមួយកម្រិតជំនាញខុសៗគ្នាយ៉ាងទូលំទូលាយ ដែលចំនួននិស្សិតទាំងនោះ នឹងកើនឡើងពី១៥លាន ទៅ៣០លាននាក់ ក្នុងឆ្នាំ២០៣០។

ក្នុងបរិបទនេះ ឧបករណ៍ឌីជីថល មានសារៈសំខាន់ អាស្រ័យដោយកម្រិតសមត្ថភាពខ្ពស់ និងមានតែមួយ ក្នុងការជួយដោះស្រាយបញ្ហាការសិក្សា របស់សាធារណៈជនបានយ៉ាងច្រើន ដោយបង្កលក្ខណៈឲ្យពួកគេងាយទទួលបាននូវចំណេះដឹង។ សមត្ថភាពច្នៃប្រឌិត ក្នុងវិស័យទាំងនេះ មានទំហំធំធេងណាស់៕