(ភ្នំពេញ)៖ ជាព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យមួយដែលក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បានបង្កើតឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នោះគឺព្រឹត្តិការណ៍ជួបជុំម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង ៤ពាន់នាក់ និងចែករង្វាន់ដល់បុគ្គលឆ្នើមជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការចាប់ដៃសហការគ្នាបានយ៉ាងល្អ លើការចែកចាយគ្រឿងសម្អាងម៉ាក N.N.P នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ ព្រមទាំងផ្ដល់ជាកាដូរថយន្តស៊ែរីទំនើបមួយគ្រឿងម៉ាក Ford Ranger ឆ្នាំ២០២០ តម្លៃជាង ៥ម៉ឺនដុល្លារ និងរង្វាន់ម៉ូតូ ៧គ្រឿង ទូរស័ព្ទដល់នារីជាអ្នកលក់ដ៏ឆ្នើមក្នុងគោលបំណង លើកទឹកចិត្តឱ្យនារីទាំងអស់ ចេះចាប់ផ្ដើមរកស៊ីដោយខ្លួនឯង ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់គ្រួសារ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាលតំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង ៤ពាន់នាក់ នៅអ៊ីអន ២សែនសុខ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ពិធីជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់អ្នកជំនួញឆ្នើម ដែលរៀបចំដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នាពេលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យគ្រឿងសម្អាងនៅកម្ពុជា បានឆ្លុះបញ្ចាំឲ្យឃើញពីប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ឋិតនៅក្រោមដំបូលសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឲ្យយើងទាំងអស់គ្នា ស្វែងរកមុខរបរប្រកបអាជីវកម្មតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបើកចំហរឲ្យមាន ការចូលរួមចំណែករបស់វិស័យឯកជន។

ជាមួយគ្នានោះ លោកស្រី បានបន្តថា ឱសថ គ្រឿងសម្អាង និងបរិក្ខាពេទ្យជាផ្នែកមួយមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានោះ លោកស្រី ក៏បានអំពាវនាវឲ្យមានការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងជាពិសេសការរកទទួលទានរបស់យើងត្រូវធ្វើយ៉ាងណា ឲ្យស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសនិងច្បាប់ឱសថ ដែលមានជាធរមានខណៈការផ្សព្វផ្សាយតាម Online និងសង្គម Facebook ដោយភាគច្រើននិង គ្មានច្បាប់ទំលាប់ត្រឹមត្រូនោះឡើយ។

លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នាំចូលផលិតផល N.N.P ទទួលពីស្គាល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មស្របច្បាប់ បានលើកឡើងថា ការបើកក្រុមហ៊ុននេះ គឺមានគោលគំនិត ចង់ជួយឱ្យនារីខ្មែរទាំងអស់ ចេះចាប់ផ្ដើមប្រកបមុខរបរដោយខ្លួនឯង ដោយចាប់ផ្ដើមពីដើមទុនតិចតួចបំផុត។

លោក ហ៊ីង បញ្ញារិទ្ធ មានសេចក្ដីសោមនស្សរីករាយបំផុត ដោយបានរៀបចំនូវព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់អ្នកជំនួញឆ្នើម ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល។

អ្នកស្រី ទ្រី ដាណា បានលើកឡើងថា ការបើកក្រុមហ៊ុនមួយនេះឡើង គឺមានគោលគំនិតធំ២៖ ទី១ ចង់ឱ្យការនាំចូលគ្រឿងសម្អាងមានលក្ខណៈស្របច្បាប់ និងមានគុណភាពល្អស្របតាមស្តង់ដារ សម្រាប់សុខភាពអ្នកប្រើប្រាស់នៅកម្ពុជា។ ជាក់ស្ដែង គ្រប់ផលិតផល NNP សុទ្ធតែមានការទទួលស្គាល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម ព្រមទាំងផ្សព្វផ្សាយដោយស្របច្បាប់។ ចំណែកគោលគំនិតចម្បងទី២ គឺចង់ជួយឱ្យនារីខ្មែរទាំងអស់ ចេះចាប់ផ្ដើមប្រកបមុខរបរដោយខ្លួនឯង ដោយចាប់ផ្ដើមពីដើមទុនតិចតួចបំផុត។

បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា ក៏បានលើកទឹកចិត្តឱ្យនារីគ្រប់រូប ត្រូវហ៊ានដាក់ចិត្តចេញរកស៊ីដោយខ្លួនឯង កុំពឹងតែលើចំណូលប្ដី កុំគិតថាខ្លួនឯងធ្វើមិនកើត។ ត្រូវប្ដូរពាក្យថា “ខ្ញុំធ្វើមិនកើត” ទៅជាការគិតថា “បើគេធ្វើបាន ខ្ញុំក៏ធ្វើបានដូចគ្នា”។ ភាពជោគជ័យ កើតឡើងពីការគិតត្រូវ ធ្វើសកម្មភាពត្រូវ ហើយដើរតាមគន្លងត្រូវ។ អ្នកស្រី ទ្រី ដាណា បានបង្ហាញចំណាប់អារម្មណ៍ថា លោកស្រីពិតជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន ដែលបានជួយបង្រៀនដល់នារី ជាច្រើនឱ្យចេះរកស៊ី និងកែប្រែជីវិតឱ្យកាន់តែមានភាពប្រសើរឡើង។

ផ្តល់កិច្ចសំភាសន៍ជាមួយបណ្តាញសារព័ត៌មាន អ្នកស្រី ហូម ធីតា ម្ចាស់ដេប៉ូ គ្រឿងសម្អាងម៉ាក N.N.P ប្រចាំខេត្តបាត់ដំបង និងជាបុគ្គលឆ្នើមប្រចាំក្រុមហ៊ុន ដែលទទួលបានរង្វាន់ រថយន្តស៊ែរីទំនើបមួយគ្រឿងម៉ាក Ford Ranger ឆ្នាំ២០២០ តម្លៃជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានស ម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយរៀបរាប់ឲ្យដឹងថា ខ្លួនមិននឹកស្មានថា បានក្លាយជាម្ចាស់រង្វាន់រថយន្តស៊ែរីទំនើបមួយគ្រឿងម៉ាក Ford Ranger ឆ្នាំ២០២០ ឡើយ។ អ្នកស្រី ហូម ធីតា បានឲ្យដឹងថា ត្រឹមរយៈពេល១ឆ្នាំ និង៧ខែហើយ ដែលលោកស្រី បានរកស៊ីជាមួយក្រុមហ៊ុនដាណាទ្រី និងលក់គ្រឿងសម្អាងម៉ាក N.N.P។ ការដាក់ទុនជាមួយ N.N.P គឺបានធ្វើឲ្យលោកស្រី ជោគជ័យ និងមានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ក្នុង១ខែ។

សព្វថ្ងៃនេះ ក្រុមហ៊ុនដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី គឺមានតំណាងចែកចាយប្រមាណ ៦ម៉ឺននាក់ ដែលសុទ្ធសឹងជាស្ត្រី។ នៅចំពោះមុខអ្នកចូលរួមជាង៤ពាន់នាក់ ក្រុមហ៊ុនដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បានប្រកាសថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុន នឹងបង្កើតព្រឹត្តិការណ៍ដ័កក្រើក និងអស្ចារ្យ ដោយមានការចែករង្វាន់ ជាច្រើនទៀត ជូនទៅដល់ដល់អ្នកជំនួញឆ្នើមបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងការបង្ហាញពីក្តីស្រឡាញ់ ជូនដល់តំណាងចែកចាយប្រមាណ៦ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា៕