(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទជាផ្លូវការ គម្រោងលុបបំបាត់ ភាពងងឹតផ្នែកដោយជំងឺភ្នែកឡើងបាយ ដែលទទួលបានការគាំទ្រពីមូលនិធិអាស៊ី សម្រាប់បង្ការភាពងងឹតភ្នែក ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ នៃទីក្រុងហុងកុង និងមូលនិធិអាស៊ីសម្រាប់បង្ការភាពងងឹតភ្នែក ត្រូវបានចុះហត្ថលេខានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានអនុវត្តបញ្ចប់ដោយជោគជ័យនៅពេលនេះ។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ យុទ្ធនាការផ្សព្វផ្សាយមួយ ត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល នៅទូទាំងខេត្តកំពង់ចាម ក្នុងគោលបំណង ទី១៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន នៅសហគមន៍អំពីជំងឺ ភ្នែកឡើងបាយ និងផលប្រយោជន៍ នៃការបកបាយភ្នែក និងទី២៖ បង្កើនលទ្ធភាពប្រជាជនដែលមានបញ្ហាភ្នែកឡើងបាយ មកទទួលយកសេវាបកបាយភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកំពង់ចាម។

សកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ក្នុងរយៈពេល១៨ខែ រួមមាន មន្ទីរពេទ្យខេត្តក្វាងស៊ី បានអញ្ជើញគ្រូពេទ្យឯកទេស ចក្ខុរោគ២នាក់ និងគិលានុប្បដ្ឋាក ផ្នែកចក្ខុរោគ៦នាក់ ទៅធ្វើកម្មសិក្សារយៈពេលខ្លី នៅមន្ទីរពេទ្យខេត្តក្វាងស៊ី ហើយត្រឡប់មកវិញចូលរួមជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តក្វាងស៊ី។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ជំងឺភ្នែក ក៏ជាជំងឺមួយដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ។ ភ្នែកជាសរីរាង្គមួយ ដ៏ចាំបាច់បំផុតត្រូវមានការថែទាំ និងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់មនុស្សគ្រប់រូប ពីព្រោះសុខភាពភ្នែក វាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប។

ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា ជាក់ស្តែងគម្រោងខ្សែក្រវាត់ និងផ្លូវ ស្តីពីការលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនោះ លោក វ៉ាង វិនទៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងថា ចិន និងកម្ពុជា ជាមិត្តជិតខាងនឹងគ្នា ហើយការផ្ដល់ការគាំទ្ររវាងគ្នាទៅវិញទៅមក គឺជាលក្ខណៈពិសេសរវាងចិន និងកម្ពុជា។

ប្រទេសចិនផ្ដោតលក្ខណៈសំខាន់ ទៅលើការកែលម្អសុខាភិបាលនៅប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង ដើម្បីបង្កើនការជួយដល់វិស័យសុខាភិបាល នៅប្រទេសកម្ពុជា សម្ដៅលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ពោលគម្រោងនេះ គឺបានរួមចំណែកជួយផ្ដល់ក្តីសង្ឃឹមដល់អ្នកជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម៕