(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបណ្តាអន្តរក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធផងដែរ។

រដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានថ្លែងថា ការជំរុញបង្កើតរដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាឲ្យមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ «បង្កើតម្តងប្រើបានគ្រប់កន្លែង» និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ន បើទោះបីជារាជរដ្ឋាភិបាល មិនទាន់មានគោលនយោបាយរដ្ឋាភិបាលឌីជីថល តម្រង់ផ្លូវសម្រាប់អនុវត្តន៍ក៏ដោយ តែបច្ចុប្បន្ន នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ និងអង្គភាពសាធារណៈមួយចំនួន បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអេឡិកត្រូនិក សម្រាប់គ្រប់គ្រងការងារតាមបែបឌីជីថល និងផ្តល់សេវារដ្ឋបាលរបស់ខ្លួនពីចំងាយជូនទៅដល់ប្រជាពលរដ្ឋ និងមានភាពងាយស្រួល។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការកសាងរដ្ឋាភិបាលឌីជីថលជាការងារមួយដ៏ធំ ដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការធ្វើផែនការតាមដំណាក់កាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន។

លោករដ្ឋមន្ត្រី បានធ្វើបទបង្ហាញជូនដល់អង្គប្រជុំ ដើម្បីបានយល់ដឹងកាន់តែច្បាស់លាស់ថែមទៀត អំពីការរៀបចំការងារដែលពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធន៍ដែលប្រទេសមួយចំនួន ដែលឈានមុខគេលើវិស័យនេះ ដូចជាសាធារណរដ្ឋកូរ៉េ សិង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលផងដែរ៕