(ពោធិ៍សាត់)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានថ្លែងថា អ្នកស្ម័គ្រចិត្ដ ជាឆ្អឹងខ្នងរបស់ចលនា និងជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបំពេញសកម្មភាពមនុស្សជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ការថ្លែងបែបនេះ របស់លោកស្រី ម៉ែន នារីសោភ័គ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» ដែលធ្វើឡើងនៅបរិវេណសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍សាខា និងមន្ត្រីសាខា-អនុសាខា មន្ត្រីទីស្នាក់ការកណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ៥០០នាក់ នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៩។

លោកស្រីអគ្គលេខាធិការស្ដីទី កាកបាទក្រហមកម្ពុជា បានថ្លែងបន្ដថា «បើគ្មានអ្នកស័្មគ្រចិត្ដទេ យើងក៏មិនអាចបំពេញនូវបេសសកម្មមនុស្សធម៌ ជួយទៅដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងឱ្យបានទាន់ពេលវេលានោះឡើយ។ អ្នកស្ម័គ្រចិត្ដ គឺគាត់បានធ្វើការលះបង់ពេលវេលា កម្លាំងកាយចិត្ដ ជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយពុំគិតពីផលប្រយោជន៍របស់ខ្លួន និងជាអ្នកមានមុខមុនគេនៅក្នុងសហគមន៍ ក្នុងការជួយសង្គ្រោះ និងរាយការណ៍ភ្លាម ដល់មន្ដ្រីប្រតិបត្ដិ និងមកស្នាក់ការកណ្ដាល»។

មកទល់នឹងបច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្ដរបស់កាកបាទក្រហមកម្ពុជា មានជាង៤ម៉ឺននាក់ នៅទូទាំង២៥រាជធានី-ខេត្ដ សម្រាប់នៅសាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍នេះ មានអ្នកស្ម័គ្រចិត្ដ ប្រមាណជាង១ពាន់នាក់ ចំណែកនៅទូទាំងពិភពលោក ដែលមានសមាគមន៍ជាតិចំនួន១៩២ មានអ្នកស្ម័គ្រចិត្ដ សរុបជាង១២លាននាក់។ គុណតម្លៃនៃការងារស្ម័គ្រចិត្តនេះ បានចាប់ផ្ដើមកើតមានតាំងពីសមរភូមិសុលហ្វេរីណូ ឆ្នាំ១៨៥៩ ហើយទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌ របស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលមានអាយុកាលជាង១៥៦ឆ្នាំ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការស្តីទី ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងឈានមុខរបស់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធានពេលវេលា កម្លាំងកាយ-ចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

ជាមួយគ្នានោះ តំណាងអ្នកស្ម័គ្រចិត្តនៅស្រុកវាលវែង ខេត្ដពោធិ៍សាត់ លោកស្រី សឿន ស្រីម៉ៅ បានលើកឡើងថា «ខ្ញុំចូលជាអ្នកស្ម័គ្រចិត្ដរបស់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០១ ដើម្បីចូលរួមចំណែកក្នុងការងារសង្គម សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះបំផុត នៅភូមិឃុំរបស់ខ្ញុំ ជាពិសេសជួយផ្សព្វផ្សាយនូវសារអប់រំសុខភាព អនាម័យ បរិស្ថាន និងសង្គ្រោះបឋមដល់អ្នកស្រុកយើងដែលរងគ្រោះផ្សេងៗ។ សម្រាប់នៅភូមិស្រុករបស់ខ្ញុំនេះ ភាគច្រើន គឺខ្ញុំតែងតែផ្សព្វផ្សាយពី គ្រាប់មីនមិនទាន់ផ្ទុះ បញ្ហាសុខភាព អនាម័យ និងការត្រៀមបង្ការគ្រោះមហន្ដរាយនានា ទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត» ។

លោកស្រីបន្ដថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលបានចូលរួមក្នុងការជួយសង្គ្រោះ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិស្រុករបស់ខ្ញុំ និងនៅទីតាំងផ្សេងៗទៀត។ ពួកខ្ញុំ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ពីកូនចៅគ្រប់ៗរូប ក្រៅពីជួយផ្ដល់អំណោយ សម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ថែមទាំងស្វែងយល់ការការពារសុខភាព និងសុវត្ថិភាពពលរដ្ឋគ្រប់រួប ដោយមិនទុកពួកយើងទាំងអស់គ្នាចោលនោះឡើយ។ លើសពីនោះ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពផ្សេងៗ»។

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តចំនួន៨១នាក់ នៅស្រុកវាលវែង ដែលចូលរួមក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវបណ្ណសរសើរ ឃីតមុង ភួយ សារុង ក្រមា អាវយឺត និងថវិកាម្នាក់ៗចំនួន ៥០,០០០រៀល។ ចំពោះយុវជនកក្រក ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួល បានថវិកា២ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋ ២៩២នាក់ ដែលចូលរួមក្នុងពិធីនេះ ទទួលបានម្នាក់ៗថវិកា២ម៉ឺនរៀល ពីសាខាកក្រក ខេត្តពោធិ៍សាត់៕