(សៀមរាប)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់ជនមានពិការភាព តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយ ពិនិត្យថែទាំសុខភាព ជូនជនពិការក្រីក្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនមានពិការភាព និងការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងសកម្មភាពសង្គមជាដើម។

លោក វង សូត បានលើកឡើងបែបនេះ ខណៈលោក និងលោកស្រី បានចូលរួមនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត រៀបចំដោយមូលនិធិជនពិការ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

សន្និបាតនេះ ក៏មានការចូលរួមបន្ថែមទៀតពី អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកសមាជិការក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ អង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត រួមទាំងមន្រ្តី-បុគ្គលិកនៃមូលនិធិជនពិការថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត និងភ្ញៀវកិត្តិយសទាំងអស់សរុបប្រមាណជាង ១៥០នាក់។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកនៃក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកមូលនិធិជនពិការទាំងអស់ ដែលបានបំពេញភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារ ក្នុងការផ្តល់សេវា ជូនជនមានពិការភាព ប្រកបដោយស្មារតីទទួលខុសត្រូវ។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកមូលនិធិជនពិការទាំងអស់ ត្រូវបន្តខិតខំអនុវត្ត តាមគោលការណ៍ និងបទប្បញ្ញតិ្ត ដែលក្នុងនោះ ត្រូវផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖

*ទី១ ៖ ត្រូវខិតខំបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តនានាបន្ថែមទៀតដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងកម្ពស់សិទ្ធិជនពិការ។
*ទី២ ៖ ត្រូវបន្តពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្ម ជូនជនមានពិការភាពប្រកបដោយគុណភាពបន្ថែមទៀត ស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ។
*ទី៣ ៖ រោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ត្រូវបន្តខិតខំអភិវឌ្ឍន៍ទាំងបច្ចេកទេស និងធនធានមនុស្ស សំដៅជំរុញការផលិតគ្រោងឧបករណ៍សិប្បនិម្មិត ប្រកបដោយគុណភាព ដើម្បីមានមូលដ្ឋានឈានទៅប្រគួតប្រជែងនៅលើទីផ្សារ និងអាចនាំចេញទៅក្រៅប្រទេស។
*ទី៤ ៖ រដ្ឋបាលសិទ្ធិជនពិការ ត្រូវសហការជាមួយមូលនិធិជនពិការ បន្តធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ តាមរយៈសិក្ខាសាលា សារព័ត៌មាន វិទ្យុ និងទូរទស្សន៍។ល។ ដើម្បីជំរុញការជ្រើសរើសជនពិការចូលបម្រើការងារ ស្របតាមគោលការណ៍កំណត់។
*ទី៥ ៖ ត្រូវបន្តជំរុញការផ្តល់ប្រាក់របបគោលនយោបាយថែទាំ និងពិនិត្យសុខភាព សម្រាប់ជនពិការក្រីក្រនៅតាមសហគមន៍ ស្របតាមគោលការណ៍កំណត់។
*ទី៦ ៖ ត្រូវពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ពាក់ព័ន្ធ និងវិស័យឯកជនក្នុងការធ្វើវិនិយោគ និងកៀរគរប្រភពធនធាន ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ និងធានានិរន្តរភាពការងារពិការភាពឱ្យកាន់តែល្អប្រសើរ៕