(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានពន្យល់អំពីកត្តាចំនួន៤ ដែលនាំឲ្យកម្ពុជា សម្រេចចិត្តចូលជាសមាជិកអាស៊ាន ដែលកត្តាទាំង៤នោះរួមមាន ទី១៖ គោលការណ៍មិនជ្រៀតជ្រែកចូលផ្ទៃក្នុងនៃប្រទេសសមាជិក, ទី២៖ ស្មារតីសហគមន៍ សម្តៅដល់របៀបធ្វើការរបស់អាស៊ាន ដែលធ្វើតាមរបៀបកុងសុងស៊ីស (ឯកច្ឆន្ទ), ទី៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម និងទី៤៖ ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅដល់អ្នកដែលបន្តតំណែងពីសម្តេច ត្រូវតែបន្តការធ្វើការតាមរបៀបកុងសុងស៊ីស សម្រាប់អាស៊ាន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន១,៦១៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានពន្យល់លំអិតនៃកត្តាសំខាន់ៗទាំង៤ ដូចខាងក្រោមយ៉ាងដូច្នេះថា៖

១៖ កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ សម្តេចតេជោថា កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន បើសិនជានៅក្នុងអាស៊ាន គ្រាន់តែចូលទៅ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា កម្ពុជានឹងមិនចូលរួមទេ។ ប៉ុន្តែអាស៊ាន គ្មានបងតូច បងធំ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទេ។

២៖ ស្មារតីសហគមន៍៖ សម្តេចតេជោ បានបញ្ជាក់ថា ស្មារតីសហគមន៍ គឺការធ្វើការតាមកុងសង់ស៊ុស រឿងនេះវាសំខាន់ខ្លាំងណាស់។ គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ សិទ្ធិស្មើគ្នាទាំងអស់។ អាស៊ានមិនត្រូវធ្វើការតាមរយៈការបោះឆ្នោតទេ ដែលអាចនាំឲ្យមានការបែកបាក់អាស៊ាន។ ចំណុច​នេះធ្វើឲ្យអាស៊ានមានសាមគ្គីភាព អាស៊ានស្វះស្វែងរកចំណុចរួម ដើម្បីសម្រេចអ្វីដែលអាស៊ានចង់បាន។ សម្តេចតេជោលើកឡើងថា កត្តានេះ ធ្វើមិនឲ្យមានបងតូចបងធំ ដូចនៅក្នុងតំបន់មួយចំនួន ពោលសមាជិកអាស៊ានប្រទេសមួយសំឡេងមួយ។

៣៖ សមាហរណកម្ម៖ សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ថា ចំណុចនេះកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើនពីអាស៊ាន។ គំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ក៏បានធ្វើយ៉ាងខ្លាំង ហើយកម្ពុជា ក៏ទទួលបានផលប្រយោជន៍យ៉ាងធំពីសមាហរណកម្មនេះ។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេស ដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។

៤៖ ច្រកចេញការទូតរបស់កម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមានដៃគូច្រើន អ៊ីចឹងនៅពេលកម្ពុជាក្លាយ ទៅជាសមាជិកអាស៊ាន។ បានន័យថា ខ្លួនបានក្លាយទៅជាដៃគូជាមួយដៃគូខាងក្រៅផងដែរ។ អ៊ីចឹងវាជាផ្នែកមួយ នៃច្រកចេញការទូតរបស់កម្ពុជា តាមរយៈអាស៊ាន ដែលមានដៃគូច្រើន។ បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើន នៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមផ្តាំផ្ញើអ្នកជំនាន់ក្រោយបន្ទាប់បីខ្ញុំទៅ ដែលក្លាយជាមេដឹកនាំកម្ពុជា បន្តការងារក្នុងក្របខណ្ឌអាស៊ានត្រូវរក្សាខ្ជាប់នូវគោលការណ៍ ធ្វើការតាមកុងសុងស៊ីស ជាជាងធ្វើការតាមការបោះឆ្នោតដែលនឹងក្លាយទៅជាការបែកបាក់ នៅក្នុងក្របខណ្ឌសហគមន៍របស់យើង។ ក្នុងក្របខណ្ឌអាស៊ានអត់មានបែងចែកថាប្រទេសធំ ឬប្រទេសតូច អត់បែងចែកថាអ្នកមានឬអ្នកក្រទេ ចំណុចនេះហើយជាចំណុលល្អ»

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន ជាអង្គការតំបន់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេស ជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។

អាស៊ានគ្របដណ្ដប់លើផ្ទៃដី ៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣% នៃផ្ទៃដីផែនដីសរុប។ ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបជាង ៦០០លាននាក់ ស្មើនឹង ៨%នៃប្រជាជនពិភពលោក។ អាស៊ាន ត្រូវបានគេប្រៀប្រដូចទៅនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង អង់គ្លេស៕