(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលគោរពសិទ្ធិ ជនជាតិដើមភាគតិច បានល្អជាងគេនៅក្នុងតំបន់។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការធ្វើសុដុមនីយកម្មជាតិសាសន៍ និងសាសនា សុទ្ធតែបញ្ហាសំខាន់ ឯរឿងនេះ កម្ពុជាយើងទៅជាជំពាក់ ស្ដីពីការអនុវត្ដសិទ្ធិជនជាតិដើមភាគតិច។ ផ្ទុយទៅវិញយើងនឹងហើយដែលជាប្រទេស អនុវត្ដល្អជាងគេនៅក្នុងតំបន់...ផ្ទុយទៅវិញ យើងជំពាក់របាយការណ៍ ទៅអង្គការសហប្រជាជាតិទៅវិញ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្ដេចនឹងចេញសារាចរណ៍ណែនាំមួយ ឲ្យគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធជាមួយនិងការធ្វើ របាយការណ៍សិទ្ធិមនុស្ស ត្រូវធ្វើឲ្យបានគ្រប់គ្រាន់។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យមន្ដ្រីទៅចូលរួម នៅទីក្រុងហ្សីណែវ ប្រទេសស្វីស ដើម្បីការពាររឿង ហើយសម្ដេច នឹងឲ្យកញ្ចប់ថវិកាមួយដោយឡែក សម្រាប់ការធ្វើដំណើរ ដោយប្រើប្រាស់កញ្ចប់ថវិកា របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទាក់ទងនឹងសិទ្ធិការងារ ទាក់ទងនិងការអនុវត្ដសេដ្ឋកិច្ចសង្គម, ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបាន ទាល់តែយើងមានសិទ្ធិ ទើបយើងអភិវឌ្ឍន៍បាន។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សេរីភាពក្នុងការទទួលបាន នូវការបណ្ដុះបណ្ដាល សេរីភាពក្នុងការជ្រើសរើសមុខរបរ សេរីភាពក្នុងជ្រើសរើសនូវមុខវិជ្ជាដែលត្រូវរៀន មិនមានអ្នកណាបង្ខំនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ការពិតយើងធ្វើបានច្រើនណាស់ ប៉ុន្ដែយើងនិយាយតិច តែអាអ្នកធ្វើតិច ប៉ុន្ដែវានិយាយច្រើន»