(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា និងអបអរសាទរខួប២០ឆ្នាំរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឆន្ទៈចងប្រែក្លាយវិទ្យាស្ថាននេះទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរិះរកនូវការបង្កើតថ្មី និងការស្រាវជ្រាវលើវិស័យវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលមួយនេះក៏ជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយវិស័យឯកជន និងគ្រឹះស្ថាននានា។

ក្រសួងការងារបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។

ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រខាងលើឱ្យបានផុសផុល លោក អ៉ិត សំហេង បានកំណត់ថា នឹងចុះជំរុញផ្ទាល់នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារម្ដងមួយៗ តួយ៉ាងនាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ដែលមានការអមដំណើរដោយលោក ពេជ សោភ័ន រដ្ឋលេខាប្រចាំការនៃក្រសួងការងារ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងនោះ បានចុះទៅដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

សកម្មភាពចុះត្រួតពិនិត្យផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តក្នុងការអនុវត្តនូវគោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអនុវត្តទៅតាមអាទិភាពទី២ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ។

លោក អ៉ិត សំហេង បានលើកទឹកចិត្តដល់សាស្រ្តាចារ្យនៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវខិតខំបន្តការអប់រំបណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខមួយ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សិត សិក្ខាកាម។

នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

លោករដ្ឋមន្ត្រីក៏បានស្នើដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បន្ថែមការស្រាវជ្រាវក្នុងជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យដើរទាន់ការវិវត្តបច្ចេកទេសថ្មីៗ។ ដូច្នេះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែមដោយខ្លួនឯងទៀត ដោយគ្រូខ្លះបានកម្រិតថ្នាក់បរិញ្ញាបត្រ បន្តយកថ្នាក់អនុបណ្ឌិត ឬបណ្ឌិតបន្ថែមទៀត។ លោកបានបន្ថែមថា ការធ្វើបែបនេះដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់ក្នុងដំណាក់កាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ នៅក្នុងដំណើរចុះផ្ទាល់ដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រោមក្រសួងការងារ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៩-២០២៣ ក៏ដូចជាការស្វែងយល់ពីវឌ្ឍនភាពនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕