(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសាអតីតយុទ្ធជន និងពិនិត្យមើលការងារសាងសង់ផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជនចំនួន២០០ខ្នងផ្ទះនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ផ្ទះ ២០០ខ្នង ដែលសាងសង់ជិតរួចរាល់នេះ បច្ចុប្បន្នអតីតយុទ្ធជនកំពុងចាប់ឆ្នោតជាបណ្តើរៗដើម្បីទទួលផ្ទះថ្មីទាំង២០០ខ្នង និងត្រៀមរៀបចំធ្វើពីធីប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ។

ដោយឡែកបងប្អូន អតីតយុទ្ធជនដែលបានទទួលផ្ទះ២០០ខ្នងនាពេលកន្លងមក បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានរស់នៅ និងប្រកបការងារតាមជំនាញរៀងៗខ្លួន។ អ្នកខ្លះដាំដំណាំ ចិញ្ចឹមសត្វ ខ្លះទៀតធ្វើជាជាងជួសគ្រឿងម៉ាស៊ីនម៉ូតូ មាញ៉េ ទូរទស្សន៍ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីរកប្រាក់កម្រៃបន្ថែមលើថវិការដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី គន់ គីម បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវគ្រប់គ្រងសមាជិក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា។

អតីតយុទ្ធជនក្នុងខេត្តស្វាយរៀង បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ផ្ទះជូនពួកគាត់ ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពសូមជូនពរសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕