(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងថ្នាំញៀនជាង ១ពាន់គ្រាប់ និងសម្ភារជាច្រើនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង២១៖១៥នាទីយប់ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។

ប្រតិបត្ដិការនេះ មានការចូលរួម ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ថោង សាមិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

ការចុះបង្ក្រាបបទរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននេះ ស្ថិតនៅចំណុចភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ធ្វើការឃាត់ខ្លួន បានប្រុស-ស្រី ចំនួន០២នាក់។

ជនសង្ស័យទាំង០២នាក់ រួមមាន ទី១៖ ឈ្មោះ សេង ទូច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាមិម ឃុំតាមិម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង, ទី២៖ ឈ្មោះ ស៊ីវ នុស្សា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញធ្វើការឃាត់ខ្លួន ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន១,២០៦គ្រាប់ ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូ០១គ្រឿង ឧបករណ៍ប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ រៀបចំកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕