(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសលោក ហេង សុធី ឲ្យចូលកាន់តំណែងអភិបាលរងស្រុកត្បូងឃ្មុំថ្មី ដោយមានការចូលរួមពីលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងអភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងមន្ត្រីរាជការជុំវិញស្រុក។

លោក កេង ប៊ុនណា បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី បានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណា ឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។

ជាមួយគ្នានោះ លោក កេង ប៊ុនណា ក៏បានធ្វើការណែនាំ ឲ្យលោកអភិបាលរងស្រុកថ្មី ត្រូវស្តាប់ការណែនាំពីលោកអភិបាលស្រុក សហការគ្នាសាមគ្គីគ្នា ដើម្បីដឹកនាំការងារ ក្នុងស្រុកឲ្យទទួលបានជោគជ័យ ជាពិសេសត្រូវយកចិត្តទុកដាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព។

លោក សេង សុធី អភិបាលរងស្រុក ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាអនុវត្តន៍ ចំនួន៥ចំណុច ក្នុងនោះរួមមាន៖

ទី១៖ អនុវត្តឲ្យបានជាដាច់ខាត នូវរាល់គោលនយោបាយ ច្បាប់សារាចរណែនាំ លិខិតបទដ្ឋាននានានៃរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអនុសាសន៍ណែនាំនានា របស់ថ្នាក់ដឹកនាំ។
ទី២៖ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល និងមន្ត្រីក្រោមឱវាទ ឲ្យបានល្អប្រសើរ បង្កើនទំនាក់ទំនងឲ្យបានស្អិតរមួត ជួយយកអាសារគ្នាទៅវិញទៅមក ជាមហាគ្រួសាររដ្ឋបាលស្រុកដ៏កក់ក្តៅ។
ទី៣៖ សហការបំពេញការងារ ឲ្យបានល្អប្រសើរជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក។
ទី៤៖ យកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារស្មោះត្រង់ បម្រើជាតិមាតុភូមិ ដោយឈរលើគោលការណ៍ តម្កល់ផលប្រយោជន៍ជាតិជាធំ។
ទី៥៖ គោរពនូវអភិក្រមរបស់រាជរដ្ឋាភិបាល និងខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕