(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បាននាំយកកាតាបនិងសម្ភារសិក្សាចំនួន ៩៩៥៦កញ្ចប់ ចែកជូនដល់សិស្សសាលាបឋមសិក្សាចំនួន៣០ ស្ថិតនៅស្រុកកោះអណ្តែត ស្រុកបូរីជលសារ និងស្រុកបាទី ខេត្តតាកែវ ក្នុងនោះសិស្សសាលាបឋមសិក្សាមកពី ៩សាលា នៅក្នុងស្រុកកោះអណ្ដែតចំនួនចំនួន​ ៣៩០៥នាក់់ បានទទួលកាតាបនិងសម្ភារសិក្សា រួមមានសៀវភៅ និងខ្មៅដៃកូល័រផងដែរ។ 

កាតាបនិងសម្ភារសិក្សាទាំងនេះ ជាជំនួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ល្បីរបស់ចិន អាលីបាបា ដែលបានផ្ដល់ជូនវេទិកាសម្ព័ន្ធសង្គមស៊ីវិល តាមរយៈមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ (CFPA)។

ពិធីចែកសម្ភារសិក្សានេះ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងសាលាបឋមសិក្សាកោះអណ្ដែត ដែលស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីលោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក Wang Xingzui អនុប្រធានប្រតិបត្តិមូលនិធិចិន CFPA។

លោក កឹម រ័ត្នវិសិដ្ឋ បានចាត់ទុកការផ្ដល់សម្ភារសិក្សារបស់ក្រុមហ៊ុន អាលីបាបា តាមរយៈមូលនិធីចិនដើម្បីកាត់បន្ថយភាពក្រីក្រ ជួយជំរុញ និងលើកទឹកចឹត្តដល់សិស្សានុសិស្ស កាន់តែខិតខំសិក្សាបន្ថែមទៀត ជាពិសេសជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ទៅលើវិស័យអប់រំ។

នៅក្នុងឱកាសនោះ លោក កឹម រ័ត្នវិសិដ្ឋ ក៏បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រទាំងពីថ្នាក់ក្រោមទៅ ដើម្បីក្លាយខ្លួនជាជាសិស្សពូកែទាំងនៅថ្នាក់បឋម វិទ្យាល័យ និងមហាវិទ្យាល័យ ជាពិសេសដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដ សម្រាប់ជួយដល់ខ្លួនឯង ក្រុមគ្រួសារខ្លួន និងជួយកសាងអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក អ៊ូច ភា បានអំពាវនាវឲ្យអាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនកូនចូលរៀនឲ្យបានគ្រប់គ្នា និងធ្វើការលើកទឹកចឹត្តដល់កូនៗរបស់ខ្លួន ឲ្យប្រឹងប្រែងសិក្សាឲ្យបានពូកែដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រទេសជាតិនាពេលខាងមុខ៕