(ភ្នំពេញ)៖ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 ថា «Digital Cambodia 2020 គឺជាសសរស្តម្ភមួយ ដើម្បីសម្រេចបានគោលនយោបាយ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោលគឺគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ លោកជឿជាក់ថា ការអភិវឌ្ឍយុវជនប្រកប ដោយទេពកោសល្យនឹងចូលរួមចំណែក សម្រេចបាននូវយុទ្ធសាស្ត្រ-ចតុកោណតំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសដើម្បីត្រៀមខ្លួន ចាប់យកសេដ្ឋកិច្ចឌីជីថល និងនិងបដិវត្តន៍ឧស្សាហកម្មទី៤»

​វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ «ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)» ​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះក្រោមអធិបតីភាពលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិស.អ. តំណាងលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង ប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. អមដោយ លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. និងលោក ជី សីលា នាយកក្រុមហ៊ុន Sabay ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍។

លោក​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានថ្លែងថា ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី២ហើយ ដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថល និងជំនាញដល់យុវជន លោកជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជន ឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានបន្ថែមថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែក ឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង២០២០ ដែលបានដាក់ចេញ ដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក ប.គ.ព. និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។

ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី២ របស់​កម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល មានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍ ក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន, ៣. បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាន នៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើង នៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជា លើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានា លើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ, ៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍, គាំទ្រដោយក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការឧបត្ថម្ភដោយមូលនិធិ ស.អ. ដែលក្នុងនោះចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន COMPASS Advertising។

គួរបញ្ជាក់​ថា Digital Cambodia 2020 នឹងមានការចូលរួម ពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប។ ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់ និងសង្ឃឹមថា នឹងមានអ្នកចូលរួមលើសពី ៣០,​០០០ នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍៕