(ភ្នំពេញ)៖ វាជារឿងគួរឱ្យកោតសសើរ ដែលក្រុមអ្នកជំនាញស្រាវជ្រាវរបស់កម្ពុជា បានជ្រើសរើសយកឈុតឆាកខ្លីមួយនៅក្នុងរឿង ព្រះបាទជ័យវរ្ម័នទី៧ មកសម្តែងក្នុងពិធីបើកសន្និសីទ អន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក» ដើម្បីបង្ហាញឱ្យភ្ញៀវអន្តរជាតិ ដែលមកពីប្រទេសចំនួន១៨ បានទស្សនាពីទស្សនីយភាព ពីស្នាព្រហស្ថរបស់ព្រះអង្គ និងព្រះអគ្គមហេសីទាំងពីរព្រះអង្គ ដើម្បីបុព្វហេតុជាតិ ប្រជាជន និងសាសនា។

ពិធីបើកសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក» ត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ។

ទស្សនីយ៍ភាពឈុតខ្លី របស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរៀបចំឡើងដោយលោក រ៉េត សាមុត អ្នកស្រាវជ្រាវ និងជាមគ្គុទេសក៍ទេសចរណ៍ សៀមរាប-អង្គរ អ្វីដែលកាន់តែគួរឱ្យចាប់ អារម្មណ៍ទៀតនោះ គឺនៅត្រង់ឈុតដែលព្រះបាទជ័យវរ្ម័នទី៧ បានដឹកនាំកងទ័ពចេញ ទៅច្បាំងជាមួយសត្រូវ ដែលបានមកឈ្លានពានព្រះនគរ ព្រមទាំងបានបង្ហាញពីការសោកសង្រែង របស់អគ្គព្រះមហេសីទាំងពីរព្រះអង្គ ដែលត្រូវឃ្លាតចាកឆ្ងាយកាយពីព្រះស្វាមី ដោយសារតែបុព្វហេតុជាតិ មាតុភូមិ និងការនិរាស្តព្រាតប្រាស់មហេសីមួយព្រះអង្គរបស់ទ្រង់ ដែលមិនអាចវិលវិញ គឺព្រះនាងជ័យរាជទេវី ដែលបានសោយទីវង្គត ដោយសារនឹកព្រះស្វាមី។

លោក រ៉េត សាមុត បានថ្លែងថា បានបង្ហាញឈុតខ្លីក្នុងសាច់រឿងរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅពេលនេះ គឺដើម្បីបង្ហាញដល់ភ្ញៀវអន្តរជាតិ ឱ្យបានដឹងពីសម្លៀកបំពាក់ខ្មែរបុរាណ គឺមានតម្លៃ មានការរចនាក្បូរក្បាច់ លម្អដោយគ្រឿងអលង្កា ត្បូងមានតម្លៃ ព្រមទាំងបានបន្សល់ទុកនូវកេរ្តិ៍តំណែលវប្បធម៌ជាច្រើន ដល់កូនចៅខ្មែរជំនាន់ក្រោយផងដែរ។

លោក រ៉េត សាមុត ក៏បានឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលមានព្រះទ័យសណ្តោសប្រោសប្រណី ដល់ប្រជា នុរាស្ត្រ ដោយមានកសាងមន្ទីរពេទ្យចំនួន១០២កន្លែង ត្រូវបានគេដឹងថា ព្រះអង្គកសាងមក ដើម្បីព្យាបាលដល់មនុស្សទាំង៤វណ្ណៈ មិនរើសអើងវណ្ណៈណាមួយទេ ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គបានចំណាយរួមមាន៖ ស្រូវអង្ករ ១១,១៩២តោន, ថ្នាំគ្រុន ៤០០គ្រាប់, ល្ង ២១២៤គីឡូក្រាម, ថ្នាំឫសដូងបាត ១៩៦០ប្រអប់, ក្រវាញ ១០៥គីឡូក្រាម និងខ្លឹមចាន់ ៣៤០២គីឡូក្រាម។ ក្រៅពីនេះ ឃ្លាំងព្រះរាជទ្រព្យរបស់ព្រះអង្គបានបើកឱ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជា៖ ទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួន ជាដើម។

ព្រះបាទជ័យវរ្ម័នទី៧ដើមឡើយមានព្រះនាមថា ជ័យធម៌ ប្រសូតប្រមាណឆ្នាំ១១២៥គ.ស. ហើយបានឡើងគ្រងរាជ្យ ទោះប្រទេសជាតិមានកលយុគ គឺសង្គ្រាមកើតឡើង។ ក្រោយពីព្រះបាទធរណិន្ទ្រវរ្ម័ន បានសោយព្រះទិវង្គត ចាក់បាល័ង្គ ត្រូវលើកថ្វាយដល់ព្រះបាទយសោវរ្ម័នទី២ តែព្រះអង្គ ត្រូវមន្ត្រីក្បត់ធ្វើគត់ ហើយស្របពេលនោះ ព្រះអង្គចង់យាងមកជួយដល់ព្រះបាទយសោវរ្ម័នទី២ តែជាការគ្មានប្រយោជន៍ ព្រោះត្រូវព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឡើងគ្រងរាជបាត់ទៅហើយ ហេតុនេះទើបធ្វើឱ្យព្រះអង្គត្រូវសំងំព្រះកាយមួយរយៈយ៉ាងធំ គឺចាប់ពីឆ្នាំ១១៦៥ រហូតដល់ឆ្នាំ១១៧៧គ.ស.។

ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងដុតបំផ្លាញរាជធានីអង្គរ បានធ្វើគត់ព្រះបាទត្រីភូវនាទិត្យ ពេលនោះរាជបាល័ង្គក៏ទំនេរ ដែលធ្វើឱ្យព្រះបាទជ័យវរ្ម័នទី៧ យល់ឃើញថាជាឱកាសល្អមកដល់ហើយ ដើម្បីព្រះអង្គឡើងសោយរាជ្យសម្បត្តិ តែមុននឹងឡើងសោយរាជ្យនេះ ព្រះអង្គបានបង្ក្រាបពួកបច្ចាមិត្តចាមដែលមកឈ្លានពានឱ្យអស់ពីទឹកដីសិន។

ស្របនឹងគំនិតនេះហើយទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយ ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញ គឺចាប់ពីឆ្នាំ១១៧៧-១១៨១គ.ស។ ការសងសឹកវាយបកដ៏សន្ធោសន្ធា និងកក្រើកលាន់ឮដូចផ្លេកបន្ទោរពីកងទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើឱ្យនគរទទួលបាន នូវឯករាជ្យហើយព្រះអង្គក៏បានកសាងនូវមហាទីក្រុងមួយដ៏ធំអស្ចារ្យជំនួសទីក្រុងយសោធរបុរៈ ដែលត្រូវចាមដុតបំផ្លាញដោយទីក្រុងនេះ មានទំហំ៣គីឡូម៉ែត្រ។ នៅក្នុងទីក្រុងនេះ មានប្រាសាទបាយ័ន ស្ថិតនៅកណ្តាលមានកំពូក៥៤ ដោយកំពូលនីមួយៗមានមុខព្រះលោកេស្វរៈ៤ រួមទាំងអស់២១៦មុខ៕