(សៀមរាប)៖ កុមារី ចាន់ ពិសី ជាជនពិការចលករខួរក្បាលកម្រិតធ្ងន់ពីកំណើត បច្ចុប្បន្នរស់នៅជាឪពុកពោះម៉ាយក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ២០១៩នេះ ទទួលបានផ្ទះ១ខ្នងពីមូលនិធិជនពិការ។ ផ្ទះដែលប្រគល់ ជូននាពេលនេះ ជាប្រភេទផ្ទះថ្មី១ខ្នង ទំហំ ៤ x ៦ ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ចំណាយថវិកាចំនួន ១៦,០០៨,០០០ រៀល ជាអំណោយរបស់សប្បុរសជន ដែលបាន បរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌ មូលនិធិជនពិការ។ មូលនិធិជនពិការ បានរៀបចំកម្មវិធីប្រគល់ផ្ទះ ជូនជនមានពិការភាពក្រីក្រនេះ ជាលើកទី៣ហើយ ដែលកន្លងមក មូលនិធិជនពិការ បានប្រគល់ជូន ជនពិការក្រីក្រ នៅខេត្តបាត់ដំបងចំនួន១គ្រួសារ និងខេត្តតាកែវចំនួន ១គ្រួសាររួចមកហើយ។

ពិធីប្រគល់នេះ ធ្វើឡើងដោយមានការចូលរួមពី លោក សៅ ឡែន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ សាខាមូលនិធិជនពិការខេត្តសៀមរាប មន្រ្តីសាលាឃុំត្បែង និងប្រជាពលរដ្ឋជាច្រើននាក់។

ថ្លែងក្នុងកម្មវិធីនេះ លោក សៅ ឡែន មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែង អនុវត្តភារកិច្ចជាច្រើនសំដៅលើការលើកកម្ពស់ សុខុមាលភាព របស់ជនមានពិការភាព តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយ ពិនិត្យថែទាំសុខភាព ជូនជនមានពិការភាពក្រីក្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្រប សម្រាប់ជនមានពិការភាព និងការដាក់បញ្ចូលជនមានពិការភាពទៅក្នុងសកម្មភាពសង្គម។

ក្នុងថ្ងៃនេះផងដែរ មូលនិធិជនពិការ ក៏មានអំណោយសប្បុរសធម៌ សម្រាប់ផ្តល់កុមារី ចាន់ ពិសី រួមមាន ថវិកា ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងកញ្ចប់សំលៀកបំពាក់១កញ្ចប់។ ជាមួយគ្នានេះ លោក សៅ ឡែន ក៏បាន ផ្តល់ថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីនេះផងដែរ៕