(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ស៊ាង ហួង បានថ្លែងថា ស្បែកមានមុខងារសំខាន់ណាស់ ដែលមិនត្រូវមើលរំលងឡើយ ដូច្នេះមុននឹងប្រើប្រាស់ផលិតផលគ្រឿងសំអាងអ្វីមួយ ចាំបាច់ត្រូវពិនិត្យមើលប្រភពឱ្យបានត្រឹមត្រូវថា តើមានការបញ្ជាក់ និងទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាលហើយឬនៅ?

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ «សុខភាពស្បែកសម្រាប់យើងទាំងអស់គ្នា» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសាន់វេ កាលពីពេលថ្មីៗនេះ លោក ស៊ាង ហួង លើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងនោះស្ដ្រីភាគច្រើនតែងតែទិញផលិតផលតាមអនឡាញមកប្រើប្រាស់ ដោយមិនបានស្វែងយល់ឱ្យច្បាស់ថា ឱសថនោះមានគុណភាព និងប្រភពច្បាស់លាស់នោះទេ។ ជាពិសេសមិនបានទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដែលធ្វើឱ្យអ្នកជំងឺនោះ មានសុខភាពមិនល្អ និងគ្រោះថ្នាក់ទៅដល់សុខភាព ហើយអាចឈានដល់បាត់បង់ជីវិត។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា អ្នកជំនាញសើស្បែក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចៀសវាសការប្រើប្រាស់ផលិតអនឡាញ និងគ្មានការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ ខណៈប្រជាពលរដ្ឋមួយចំនួនកំពុងរងគ្រោះដោយសារផលិតផលគ្រឿងសំអាង ដែលដាក់លក់ ឬចរាចរណ៍លើទីផ្សារ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពស្បែកជារឿងត្រូវយកចិត្តទុកដាក់ជាទីបំផុត ខណៈបច្ចុប្បន្ន ប្រជាពលរដ្ឋជាច្រើន ជាពិសេសស្ត្រីៗបានកំពុងប្រើប្រាស់សេវា ឬផលិតផល ដើម្បីឱ្យស្បែករបស់ពួកគេមានសុខភាពល្អ និងមានសម្រស់ស្រស់ស្អាត។

លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា «ដើម្បីផ្ដល់ការប្រឹក្សា និងព្យាបាលទាក់ទងទៅនឹងជំងឺសើស្បែកគ្រប់ប្រភេទ ក្រុមគ្រូពេទ្យជំនាញ ត្រូវតែធ្វើការពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺសើស្បែក ដើម្បីធ្វើយ៉ាងផ្តល់សេវាឲ្យបានសមស្រប និងទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ»

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានថ្លែងឱ្យដឹងផងដែរថា ប្រជាពលរដ្ឋជាច្រើន បាននិងកំពុងរងគ្រោះដោយសារផលិតផលគ្រឿងសំអាង ដែលផលិត ដាក់លក់ ឬចរាចរណ៍លើទីផ្សារដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ ប្រជាពលរដ្ឋមួយចំនួនទៀត កំពុងរងគ្រោះដោយសារការពិនិត្យព្យាបាលពីគ្រូពេទ្យគ្មានជំនាញសើស្បែកត្រឹមត្រូវ។

ប្រធានសមាគមគ្រូពេទ្យសើស្បែករូបនេះ បានថ្លែងបញ្ជាក់ថា «ការប្រើប្រាស់ផលិតគ្មានការអនុញ្ញាត និងមិនបានពិគ្រោះជាមួយគ្រូពេទ្យជំនាញ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ស្បែកជាអាទិ៍ តែធ្វើឱ្យស្បែកស្តើង ស្បែកឡើងពរពាល ឡើងសសៃឈាមក្រហម ចេញមុន ឬឡើងសង្វារប៉ុណ្ណោះទេ ថែមទាំងធ្វើពិការភ្នែក និងប៉ះពាល់ដល់អាយុជីវិតថែមទៀតផង»

លោក ចាន់ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋមុននឹងប្រើប្រាស់ ត្រូវពិនិត្យមើលនូវផលិតនោះ ឱ្យដឹងពីប្រភព និងមុខងារ ព្រោះផលិតផល ដែលល្អ គេមានរូបមន្ដច្បាស់លាស់ ការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ។ ជាពិសេសស្បែកស្អាត មិនសំដៅទៅស្បែកសនោះទេ គឺស្បែកដែលគ្មានជាំ អាចម៍រុយ មិនពពាល ចេញសរសៃក្រហម ហើយត្រូវប្រើប្រាស់ផលិតផលណា ដែលជួយការពារស្បែកកុំឱ្យឆាប់ខូច ជ្រីវជ្រួញ។ លើសពីនោះ ផលិតផលល្អ មិនមែនប្រើភ្លាមសភ្លាមនោះទេ គឺជួយការពារ និងឱ្យស្បែកភ្លឺស្អាតបែបធម្មជាតិម្ដងបន្ដិចៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា មានការអញ្ជើញចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ មកពីសហរដ្ឋអាមេរិក ជប៉ុន នូវែលហ្សេឡង់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី បង់ក្លាដែស ថៃ និងវៀតណាម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ទាក់ទងនឹងសុខភាពស្បែក៕