(កោះកុង)៖ ដោយសារមានការយកចិត្តទុកដាក់របស់រាជដ្ឋាភិបាលកម្ពុជា ទៅលើជនមានពិការភាពកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកោះកុង បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការអន្តរជាតិលើកទី៣៧ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ផៃធូន ផ្លាមកេស អភិបាលស្តីទីខេត្តកោះកុង និងលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ចខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងមានការចូលរួមនិវត្តជនចាស់ជរាជនពិការចំនួន ២០៧នាក់ផងដែរ។

លោក គង់ រឿង បានថ្លែងថា ដើម្បីបង្កើតការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងលើកកម្ពស់ការយល់ដឹងអំពីពិការភាពនូវការគាំទ្រ និងរួមចំណែកសមាហរកម្មជនពិការក្នុងការអភិវឌ្ឍសង្គម ទិវាជនមានពិការអន្តរជាតិ និងទិវាជនមានពិការភាពកម្ពុជានាឆ្នាំ២០១៩នេះ។

លោក គង់ រឿង បានថ្លែងបញ្ជាក់ថា ការទប់ស្កាត់ពិការភាព មន្ទីរទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ក្នុងកម្មវិធីអប់រំសុខភាព ជម្ងឺគ្រុនស្វិតដៃជើង ត្រូវបានលុបបំបាត់ចាប់ពីឆ្នាំ១៩៩៨ ក្នុងការផ្តល់ថ្នាំដល់មាតា និងទារកដែលក្រសួងសុខាភិបាលអនុវត្តន៍ជាប្រចាំ។ កត្តាទាំងនេះហើយគឺជាការរួមចំណែកការកាត់បន្ថយអត្រា ជនពិការក្នុងសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។

លោកបានបញ្ជាក់បន្ថែមថា ការងារមូលនិធិខេត្តកោះកុង បានរៀបចំដាក់ហឹបវិភាគទានសប្បុរសធម៌ មូលនិធិជនពិការបានចំនួន ១៩ទីតាំង ក្នុងនោះមានវត្តអារាមចំនួន ១២វត្ត សណ្ឋាគារ ផ្ទះសំណាក់ចំនួន ៣ទីតាំង រោងចក្រចំនួន ២ទីតាំង រម្មណីយដ្ឋានពាមក្រសោប១កន្លែង និងច្រកទ្វារអន្តរជាតិ ១កន្លែង ប្រមូលប្រាក់បានចំនួន៣៩,១១០,១១០រៀល រយៈពេល ៥ឆ្នាំ ២០១៥-២០១៩ និងត្រូវបង់ចូលគណនីមូលនិធិជនពិការថ្នាក់កណ្តាលតាមរយៈប្រព័ន្ធធនាគារអេស៊ីលីដាសាខាខេត្តកោះកុង។

ក្នុងនោះដែរមន្ទីរ បានរៀបចំផ្តល់បន្ទប់ផ្តល់បន្ទប់ធ្វើការងារ១កន្លែង ជូនអង្គការតំណាងឲ្យជនពិការខេត្តកោះកុង សម្រាប់បំពេញការងារលើការផ្តល់សេវាដល់ជនមានពិការតាមសហគមន៍ និងបានសហការបង្កើតក្រុមជួយខ្លួនឯងបានចំនួន ១៣ក្រុម មានសមាជិកសរុបចំនួន ២៥៧នាក់ ស្រី១៤៩នាក់ផងដែរ។

លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ដើម្បីធានាដល់ការធ្វើបរិយាបន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ហើយធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបាន ការគាំទ្រពីសង្គមបង្កើនគុណភាពជីវិតកាន់តែប្រសើរឡើង នឹងទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា។

លោកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈក្នុងការរបាំងឧបសគ្គនានា ដើម្បីបង្កើតឱកាសដល់ជនមានពិការភាព ព្រមទាំងបង្កើតយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរោះក្នុងន័យប្រមាថម៉ាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពី កិច្ចការការពារ និងលើកកម្ពស់សិទ្ធិជនពិការដែលតែបានអនុម័តប្រកាសឲ្យប្រើប្រាស់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩មកម្ល៉េះ។

ឆ្នាំនេះគឺជាខួបលើកទី១០ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់ច្បាប់កិច្ចការលើកកម្ពស់សិទ្ធិជនពិការ ដែលមានវិសាលភាពអនុវត្តចំពោះជនមានពិការភាព និងសកម្មភាពទាំងឡាយណាដែលទាក់ទង នឹងពិការភាពនៅព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ថា គ្រប់ស្ថាប័នអង្គភាពមិនត្រូវរើសអើងចំពោះជនពិការឡើយ យើងអាចជ្រើសរើសយកជនពិការភាពចូលរួមបម្រើការងារក្នុងស្ថាប័ននានា សមត្ថភាពរបស់ពួកគាត់ដែលមាន មិនតែប៉ុណ្ណោះ យើងត្រូវជួយផ្ដល់ចំណេះដឹងដល់ពួកគាត់ជាជនពិការ ដើម្បីឱ្យពួកគាត់រកការងារបានធ្វើដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិតផងដែរ យើងឃើញហើយថា គ្រប់បណ្ដាប្រទេសនានានៅលើ ពិភពលោកតែងតែយកចិត្តទុកដាក់ដល់ជនពិការក្នុងការដល់សម្ភារមធ្យោបាយធ្វើដំណើរយ៉ាងយកចិត្តទុកដាក់ជាក់ស្ដែង នៅក្នុងខេត្តកោះកុង ជនមានពិការមានការគាំទ្រពីប្រទេសជិតខាង ដែលបានផ្ដល់នៅសម្ភារដូចជា រទេះរុញដល់ពួកគាត់ផងដែរនេះ ជាសក្ខីភាពមួយសម្រាប់ការយកចិត្តទុកដាក់ពីប្រទេសជិតខាង និងបណ្ដាប្រទេសលើពិភពលោក៕