(កំពត)៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ឃុន ស៊ីម៉ន សមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកអំណោយ និងថវិកាសរុប ១៦លានរៀល ជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ឧត្តមសិរីរតន៍ និងបច្ច័យកសាងសាលាធម្មសភានៅវត្តឧត្ដមសិរីរតន៍ ស្ថិតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត។

ក្រុមសមាជិកលេខាសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយមានការអំពាវនាវពីសំណាក់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាជនក្រីក្រ ដែលមានកូនចៅកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សា ហ៊ុន សែន ឧត្តសិរីរតន៍ នៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត បានស្នើសុំយើងខ្ញុំជួយឧបត្ថម្ភជាអំណោយដូចជា កង់ កាបូមសិក្សា សៀវភៅ បិច និងសំភារៈសិក្សាផ្សេងៗសំរាប់ជាការលើកទឹកចិត្តដល់សិស្សទទួលបានជ័យលាភី សិស្សក្រីក្រចំនួន៤២០នាក់ ។

លោកថា ទាំងនេះជាថវិកាផ្ទាល់ខ្លួន រួមជាមួយថវិការបស់ក្រុមអតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាម និងថវិកាទទួលបានពីការរ៉ៃអង្គាសពីសប្បុរសជនក្នុង និងបងប្អូនខ្មែររស់រដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក ដើម្បីទិញសំភារៈសិក្សា អំណោយជូនដល់សិក្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ឧត្ដមសិរីរតន៍ នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត រួមមាន៖

*កង់ចំនួន ១១គ្រឿង (សំរាប់សិស្សជ័យលាភី)
*កាបូបស្ពាយចំនួន ១០០ កាបូប
*សៀវភៅសរសេរចំនួន ១០០០ក្បាល
*បិចចំនួន ១០០០ដើម
*ម៉ាស៊ីនព្រីនធឺចំនួន ១គ្រឿង។

ទន្ទឹមនោះដែរលោក ឃុន ស៊ីម៉ន និងលោកស្រី រួមកូនចៅញាតិមិត្ត ព្រមទាំងសប្បុរសជនបានយកបច្ច័យកសាងសាលាធម្មសភា នៅវត្តឧត្តមសិរីរតន៍ (ហៅវត្តថ្មី) និងជូនថវិកាដល់តាជី យាយជី ប្រជាការពារសរុបថវិកា ១៦លានរៀល៕