(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមចោរ ១៤នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្លន់ និងកាច់កម៉ូតូ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរលួច និងប្លន់ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាស្តីទីអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ និងដោយអនុវត្តន៍ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន១៤នាក់។

ក្រោយសាកសួររួច សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត និងបញ្ជូនទៅកាន់តុលាការ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលួច (កាច់សោរកម៉ូតូ)៕