(ភ្នំពេញ)៖ កម្មករ-កម្មការិនីអនាម័យ មកពីខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន២,៦៣៧នាក់ ក្នុងនោះមានកម្មករ-កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី ២,០៨៣នាក់, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៤៧១នាក់ និងក្រុមការងារបោសសម្អាតរក្សាអនាម័យ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ៨៣នាក់ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការបន្ដយកចិត្ដទុក្ខដាក់ពី មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រាលទុក្ខលំបាកដល់កូនៗ ជាប្រជាពលរដ្ឋទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោក តាប់ និងភរិយា ដែលជាកម្មករ-កម្មការិនីអនាម័យ បានថ្លែងថា «ពួកខ្ញុំពិតជារំភើបចិត្ដខ្លាំងណាស់ ចំពោះទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌របស់អ្នកម្ដាយ ទោះសម្ដេចមានធុរៈ ដើម្បីមើលថែរក្សាសុខភាព អ្នកម្ដាយរបស់លោកក៏ដោយ ក៏សម្ដេចនៅតែរក្សាពាក្យសន្យារបស់លោកជានិច្ច ដោយសម្ដេចមានប្រសាសន៍ថា អ្នកម្ដាយ នឹងមានរៀបចំកម្មវិធីជួបជុំកូនទាំងអស់គ្នានៅចុងឆ្នាំ ជារៀងរាល់ឆ្នាំ និងផ្ដល់ស្បៀង និងសម្ភារផ្សេងៗ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកយើង ទោះសម្ដេចជាប់ធុរៈ ក៏នៅតែចាត់តំណាងរបស់សម្ដេច ឱ្យចាត់ចែងមើលការខុសត្រូវដែរ»

ពួកយើងទាំងអស់គ្នា ពិតជារំភើបនឹងទឹកចិត្ដសប្បុរសរបស់អ្នកម្ដាយខ្លាំងណាស់ «កូនៗទាំងអស់គ្នា សូមបន់ស្រន់ដល់ទេវតា សូមតាមថែរក្សាដល់អ្នកម្ដាយ និងគ្រួសារ មានសុខភាពល្អបរិបូរណ៌ ព្រោះថា បើម្ដាយបានសុខ កូនៗក៏បានសុខដែរ»

ជាមួយគ្នានោះដែល អ្នកស្រី លី មុំ ដែលជាកម្មការិនីផ្នែកអនាម័យមួយរូប បានសម្ដែងការសប្បាយចិត្ដ និងការដឹងគុណនូបក្ការៈចំពោះអ្នកម្ដាយមនុស្សធម៌ និងសម្ដេចតេជោ ហ៊ុនសែន បើគ្មានសម្ដេច យើងក៏គ្មានជីវិតរស់រាន ប្រកបដោយសុវត្ថិភាពបែបនេះឡើយ៖ «ខ្ញុំយើងខ្ញុំទាំងអស់គ្នា ក្នុងនាមជាកម្មករ-កម្មការិនី បុគ្គលិក យុវជន ស័្មគ្រចិត្ដ និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមគោរពដឹងគុណជូនចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាមាតាមនុស្សធម៌ ដែលតែងតែបានយកចិត្ដទុកដាក់ និងផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលៈទេសៈស្របតាម ទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ក្នុងឱកាសនោះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានថ្លែងផងដែរថា ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ មិនត្រឹមតែបានផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយបងប្អូនកម្មករ-កម្មការិនីប៉ុណ្ណោះទេ ប៉ុន្ដែវាបានឆ្លុះបញ្ចំងឱ្យឃើញឱ្យកាន់តែច្បាស់ ពីការយកចិត្ដទុក្ខដាក់ របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលតែងតែរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

ទន្ទឹមនឹងនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយ ជូនដល់កម្មករ-កម្មការិនី ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើក្តីនឹករលឹក ជាមួយមនោសញ្ចេតនាអាណិតស្រឡាញ់ជ្រាលជ្រៅ ព្រមទាំងសម្តែងនូវការកោតសរសើរ ស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្មករ-កម្មការិនីអនាម័យទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយភាពថ្លៃថ្នូរ ប្រាកដប្រជា សុច្ចរិត ជាពិសេសធ្វើការលះបង់តស៊ូ ដើម្បីសុខភាពអ្នកដទៃ ធ្វើឱ្យទីក្រុងមានសោភ័ណភាព បរិស្ថានល្អ និងអនាម័យល្អ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង និងរដ្ឋបាលខណ្ឌទាំង១៤ ដែលបានយកចិត្តទុកដាក់គិតគូរ ពីបញ្ហាអនាម័យ ការគ្រប់គ្រងសំរាម និងបរិស្ថានស្អាតដែល ជារឿងអាទិភាពមួយ ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងស្អាត ស្របតាមការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ។

លើសពីនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ស៊ីនទ្រី ដែលបានផ្តល់នូវអត្ថប្រយោជន៍ដល់បុគ្គលិក កម្មករ-កម្មការិនី ដូចជាប្រាក់បៀវត្សសមរម្យ ការប្រើប្រាស់សេវា ប.ស.ស. និងការលើកទឹកចិត្តផ្សេងទៀត។

សូមបញ្ជាក់ថា គិតមកត្រឹមរសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាលើកទី៤ហើយ ចាប់តាំងពីឆ្នាំ២០១៦រៀងមក ដែលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីចែកអំណោយជូនដល់កម្មករ-កម្មការិនីអនាម័យក្នុងរាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៩នេះ កម្មករ-កម្មការិនីអនាម័យ ទាំង២,៦៣៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ ទឹកសុទ្ធចំណុះ ១.៥លីត្រ ១ដប និងថវិកា១០០,០០០រៀល៕