(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានរួមគ្នាសម្ពោធសៀវភៅ និងបើកសិក្ខាសាលាស្តីពី «កម្ពុជា-ឥណ្ឌូនេស៊ី៖ ដំណើរឆ្ពោះទៅមុខនៃចំណងមិត្តភាព ៦០ ឆ្នាំ(Indonesia-Cambodia 60 Years Friendship: Moving Forward)» នៅសណ្ឋាគារ Rosewood អគារវឌ្ឍនៈ រាជធានីភ្នំពេញ។

កម្មវិធីសម្ពោធសៀវភៅ និង បើកសិក្ខាសាលានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Mayerfas អគ្គលេខាធិការក្រសួងការបរទេសឥណ្ឌូនេស៊ី និង លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។

លោកស្រី អ៊ាត សុភា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញជាពិសេសឯកអគ្គរដ្ឋទូត Sudirman ដែលបានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំនេះ និងចំពោះការខិតខំប្រឹងប្រែងជាច្រើនដើម្បីបោះពុម្ពសៀវភៅអនុស្សាវរីយ៍ពិសេសស្តីពីដំណើរប្រវត្តិសាស្ត្រដែលប្រជាជាតិទាំងពីរ បានធ្វើរួមគ្នាក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយ និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់អនាគត។

លោកស្រីថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបូកសរុបរាល់សកម្មភាពផ្សេងៗ ដែលបានរៀបចំរួមគ្នាពេញមួយឆ្នាំដើម្បីរំលឹកដល់ការបង្កើតទំនាក់ទំនងការទូតកាលពី ៦០ឆ្នាំមុន។

លោកស្រី អ៊ាត សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅឆ្នាំ១៩៥៩ ប៉ុន្តែការប្រាស្រ័យទាក់ទងរវាងប្រជាជនយើងទាំងពីរ ពិតជាមានតាំងពីរាប់សតវត្សមុនម្ល៉េះ។ ភាពស្រដៀងគ្នារវាងប្រាសាទបាគងនៅសម័យអង្គរដំបូងរបស់កម្ពុជា និងប្រាសាទ Borobudur របស់ឥណ្ឌូនេស៊ី បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ នាពេលកន្លងមក»

លោកស្រីបន្តថា «ទំនាក់ទំនងសម័យទំនើបរវាងកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបានផ្តួចផ្តើមឡើងដោយព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា ដែលបន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ ព្រះអង្គបានចាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយឯកឧត្តម Sukano ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបុរសដ៏អស្ចារ្យទាំងពីរ បន្ទាប់ពីជំនួបលើកដំបូងរបស់ពួកគាត់ក្នុងសន្និសីទអាស៊ី-អាហ្រិ្វក នៅទីក្រុង Bandung ក្នុងខែមេសាឆ្នាំ១៩៥៥ បានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ១៩៥៩» ។

ការណ៍នេះ បានផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ប្រជាជាតិទាំងពីរ ដើម្បីបន្តថែរក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រហូតដល់បច្ចុប្បន្ន។ ថ្វីត្បិតមានការ ប្រែប្រួលក្នុងបរិបទអន្តរជាតិ និងជាតិក្នុងប្រទេសទាំងពីររៀងៗខ្លួន នៅអំឡុងពេល៦០ឆ្នាំមកនេះក្តី ក៏ប្រជាជន កម្ពុជានិងឥណ្ឌូនេស៊ី នៅតែបន្តពូនជ្រុំមិត្តភាពដ៏ជិតស្និទ្ធ និងខិតខំសហការជាមួយគ្នា ដើម្បី ពង្រឹងចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

លោកស្រី បានបន្ថែមថា ឥណ្ឌូនេស៊ីបានដើរតួនាទីដ៏សំខាន់ជាម្ចាស់ផ្ទះរៀបចំដំណើរការចរចា ដែលឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបានចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ២ពាន់នាក់ មកកាន់កម្ពុជា ដែលជាផ្នែកមួយនៃប្រតិបត្តិការរបស់អ៊ុនតាក់ (UNTAC) នៅដើមទសវត្សឆ្នាំ១៩៩០។ ហេតុដូច្នេះ សន្តិភាពដែលអនុញ្ញាតឲ្យកម្ពុជាអាចអភិវឌ្ឍបានដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ឥណ្ឌូនេស៊ី ហើយនោះជាអ្វីដែលយើងខ្ញុំនៅតែដឹងគុណ។

បើតាមលោកស្រី អ៊ាត សុភា ការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយថ្មីៗនេះ ទំនាក់ទំនងយ៉ាងកក់ក្តៅរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី ចូកូ វីដូដូ បានបង្កើននូវចំណងទាក់ទងរវាងប្រជាជននិងប្រជាជន និងរវាងផ្នែកធុរកិច្ច ដែលការណ៍នេះបាន និងកំពុងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកើនឡើងថែមទៀតរវាងប្រទេសទាំងពីរនៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អាកាសចរណ៍ វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការពារជាតិ។

លោកស្រីបានបន្តទៀតថា លើសពីនេះ ការបើកដំណើរការឡើងវិញនូវកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការរួមសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅឥណ្ឌូនេស៊ី កាលពីឆ្នាំមុន បានបន្ថែមឋាមភាពកាន់តែប្រសើរដល់ទំនាក់ទំនងមិត្តភាពឋិតឋេរមួយនេះ។ ក្នុងនាមជាប្រទេសសមាជិកគ្រួសារអាស៊ានតែមួយ កម្ពុជានិងឥណ្ឌូនេស៊ី សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងផលប្រយោជន៍ជាតិរួមរបស់យើង ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមចំណែកទាំងអស់គ្នាសម្រាប់បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

លោកស្រី បានបន្តថា ការរំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅឆ្នាំនេះ នឹងជួយពង្រឹងថែមទៀតនូវស្មារតីសាមគ្គីភាព ក៏ដូចជាធ្វើឲ្យកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកាន់តែមាំមួន រវាងប្រជាជាតិទាំងពីរ ដែលស្ថាបនាឡើងលើ
មូលដ្ឋានគ្រឹះនៃអន្តរសកម្មភាពដែលមានស្រាប់រវាង ប្រជាជនយើងទាំងពីរ ជាយូរលង់មកហើយ។

«នាងខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងប្រជាជនទាំងពីរប្រទេស ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី នឹងបន្តរីកចម្រើនរឹងមាំថែមទៀត ហើយកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ នឹងមិនត្រឹមតែបម្រើដល់ប្រយោជន៍របស់ជាតិ យើងទាំងពីរប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកធ្វើឲ្យពិភពលោកជាទីកន្លែងដ៏ប្រសើរសម្រាប់មនុស្សជាតិទាំងអស់» លោកស្រីគូសបញ្ជាក់៕