(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX), គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តរតនគីរី បានសហការរួមគ្នា រៀបចំសិក្ខាសាលានៅខេត្តរតនគិរី ដែលជាគោលដៅទី១៥នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩។

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោក មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ។

សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទស្ដីពី «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគ ដល់សាធារណៈជននៅកម្ពុជា។

លោក ជា បុល្លិកា បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទបន្ថែមទៀត។

លោក ជា បុល្លិកា បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក មួង ប៉ាង បានលើកឡើងពីសក្ដានុពលនៃខេត្តរតនគីរី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។ ជាក់ស្ដែង តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។

លោកបានរំពឹងទៀតថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX បានបង្ហាញពីក្ដីរំពឹងខ្ពស់ លើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា នឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនដែលវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។

លោក Lawrence ឲ្យដឹងថា «ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ក្រុមហ៊ុន CDX និងគណៈកម្មការមូលបត្រកម្ពុជា បានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ នេះជាប្រវត្តិសាស្រ្តដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជាមិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយអំពី ប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគ ក្នុងដែនដីសុវណ្ណភូមិនេះ ហើយជាអ្វីដែលយើងបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ»

សូមជម្រាបថា បច្ចុប្បន្ននេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន២០រួចមកហើយរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីនេះតែម្ដង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុន តាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ ០២៣ ២២ ៧៧ ៧៧៕