(ភ្នំពេញ)៖ វិស័យដីធ្លីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមានក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន បានសម្រុកនាំគ្នាវិនិយោគ។ ជាមួយនឹងភាពរីកចម្រើនេះ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា បានឲ្យដឹងថា មានកត្តាធំៗមួយចំនួនដែលធ្វើឲ្យ វិស័យនេះបន្ដភាពរឹងមាំ ហើយក្នុងឆ្នាំ២០២០នេះ រឹតតែបន្ដភាពរឹងមាំខ្លាំងឡើងៗ។

លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមថា «មានហេតុផលមួយចំនួន ដែលខ្ញុំអះអាងថា ឆ្នាំក្រោយវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ។ រឹងមាំព្រោះថា កម្ពុជាមានទីតាំងភូមិសាស្រ្ដល្អ ដោយមិនមានគ្រោះធម្មជាតិផ្សេងៗ, កត្តាសេដ្ឋកិច្ចល្អ ដោយរក្សាបានកំណើនល្អប្រសើរ ជាក់ស្ដែងឆ្នាំនេះកំណើនសេដ្ឋកិច្ច រក្សាបានក្នុងបរិមាណ៧% ហើយកត្តាសំខាន់មួយទៀតនោះ គឺយោបាយដ៏រឹងមាំ ពេលនយោបាយរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំដូចគ្នានេះដែរ»

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោកបណ្ឌិត គីម ហ៊ាង បន្ថែមថា ជាមួយនឹងស្ថានភាពល្អប្រសើរនេះហើយបានធ្វើឲ្យការវិនិយោគលើវិស័យដីធ្លីមានការរីកដុះដាល។ ជាក់ស្ដែងដូចការប្រគល់សិទ្ធិអាជីវកម្ម ដល់សាខា និងអនុសាខារបស់ KW-កម្ពុជានៅក្នុងថ្ងៃនេះ ជាផ្នែកមួយនៃការបង្ហាញពី ភាពទូលំទូលាយ និងរីកចម្រើនរបស់វិស័យដីធ្លីនៅកម្ពុជា។

លោកបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះយើងបានប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជារួមមាន៖ លោកស្រីបណ្ឌិត ស្វាយ សោម៉ា បើកដំណើរការសាខា KW-កម្ពុជាខណ្ឌដង្ហោ, លោក ស៊ី ប៊ុនថៃ បើកដំណើរការសាខា KW-កម្ពុជា ខេត្តសៀមរាប, លោក កាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា ខណ្ឌពោធិ៍សែនជ័យ, លោក Chhong Kimheng បើកដំណើរការសាខា KW-កម្ពុជា ខេត្តកំពង់ស្ពឺ, លោកស្រី ចុង ជីងម៉ី បើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត និងលោក កែវ សុជាតិ បើកដំណើរការសាខា KW-កម្ពុជា ក្រុងកំពត។

លោក Chhong Kimheng ប្រធានសាខាខេត្តកំពង់ស្ពឺ ថ្លែងឲ្យដឹងថា ដោយសារតែការរីកចម្រើនខ្លាំង លើផ្នែកសេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធគនាគមន៍ និងរចនាសម្ព័ន្ធដ៏ល្អរបស់ខេត្ត ដូច្នេះការបើកសាខា KW-កម្ពុជា ចូលក្នុងខេត្តកំពង់ស្ពឺនេះ វិស័យដីធ្លីនៅបន្ដរីកចម្រើនកាន់តែខ្លាំង។ រីកចម្រើនខ្លាំងគឺដោយសារតែវិនិយោគិនជាច្រើន ក្នុងនោះវិនិយោគិនចិនផ្ដោតសំខាន់ លើការសាងសងរោងចក្រ, សហគ្រាស និងលំនៅដ្ឋានជាដើម៕