(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់នៅពេលកំពុងបើកបរ និងកាត់បន្ថយការប៉ះទង្គិចក្បាល និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រសួងធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងចែកជូន មួកដោយមិនគិតថ្លៃ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យុទ្ធនាការនេះមានការផ្តល់ជូននូវសេវាត្រួតពិនិត្យសុវត្ថិភាពយានយន្តចំនួន៣០ចំណុច និងមានកម្មវិធីសួរ និងឆ្លើយសំណួរយកមួកសុវត្ថិភាពចំនួន២០០មួក។

លោកបន្តថា គោលបំណងនៃការរៀបចំយុទ្ធនាការនេះ គឺដើម្បីបង្កើនការយល់ ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពចរាចរណ៍ ការបង្កើនសុវត្ថិភាពយានយន្ត កាត់បន្ថយអត្រាស្លាប់ដោយសារការប៉ះទង្គិចក្បាលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យនៅកម្រិតទាប។

ជាមួយគ្នានោះដែរ លោកសុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ពិសេសនោះពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងបើករបរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍ យើងមិនអាចមើលឃើញនោះទេ ប៉ុន្តែយើងធ្វើការប្រុងប្រយ័ត្ន និងទប់ស្កាត់បាន។

សូមបញ្ជាក់ថា យុទ្ធនាការបន្ទាប់ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕