(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោលោកស្រី គឹម ញឹប បានដាក់ចេញផែនការឲ្យកម្លាំងសន្តិសុខ ត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ គ្រប់ផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេស អ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៊ីឈប់ចតនៅលើផ្លូវលេខ២១៧ ហើយរត់ចាប់ម៉ូយប្រសេចប្រសាច និងសម្រួលចរាចរគ្រប់ចំណុចដែលកកស្ទះ។

ការដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌឲ្យពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះ បានលើកឡើងនៅគ្រាដែលលោកស្រីអភិបាលថ្មី ជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ។

លោកស្រី គឹម ញឹប បានណែនាំឲ្យកម្លាំងសន្តិសុខទាំងអស់ ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ ពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍អ្នកលក់ដូរ លើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន។

លោកស្រីអភិបាលខណ្ឌ បានបន្តថា «យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន គាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះ ទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត»