(កំពង់ស្ពឺ)៖ ជារៀងរាល់ថ្ងៃគេបានសង្កេតឃើញមានរថយន្តរាប់សិបគ្រឿង បានមមាញឹកសំរុកដឹកដីចេញពីតំបន់វត្តត្រពាំងគង ក្នុងត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរលើខ្នងប្រឡាយតាហោ ឆ្ពោះមកកាន់ផ្លូវជាតិលេខ៤១ ដោយរថយន្តត្រូវបត់ទាំងលំបាកជាមួយបង្កាន់ដៃស្ពាន ដែលស្ថានភាពនេះបានធ្វើឲ្យរំញ័រដល់តួស្ពានទាំងមូល ជាហេតុបង្កការខូចខាតស្ពាន និងផ្លូវខ្នងប្រឡាយយ៉ាងធ្ងន់ធ្ងរ ទាំងនេះបើសិនជាជំនាញ ឬសមត្ថកិច្ច មិនចាប់អារម្មណ៍ និងហាមឃាត់ឲ្យបានទាន់ពេលវេលានោះទេ។

ប្រជាពលរដ្ឋដែលអាស្រ័យផលស្រូវតាមខ្នងប្រឡាយតាហោ បានលើកឡើងទាំងពិបាកចិត្តថា គាត់មិនដឹងជាធ្វើយ៉ាងណាទេ នៅសុខៗស្រាប់តែមានក្រុមឡានដឹកដីសុទ្ធតែប្រភេទកង់ និងឡានប៉ែនរាប់សិបគ្រឿង បានដឹកដីដោយគ្មានគ្រប និងធ្លាក់ដីពេញខ្នងប្រឡាយ បណ្តាលឲ្យធ្លាក់ចូលស្រែរបស់គាត់ និងធ្វើឲ្យផ្លូវមានស្ថានភាពរអិលខុសមុនខ្លាំង។

បើមើលតាមស្ថានភាពសូម្បីតែរបងផ្ទះប្រជាពលរដ្ឋ ដែលលើខ្នងប្រឡាយនេះ ក៏ត្រូវប្រេះស្រាំខូចខាតដែរ ក្នុងនោះ ស្ពានលើផ្លូវបត់ចេញ និងទទួលរងការខូចខាតដោយមិនដឹងឡើយ ពីព្រោះស្ពានគេមិនអាចមើលដោយភ្នែកទទេបានឡើយ វាអាចប្រេះស្រាំតាំងពីគ្រឹះក្រោមដីឯណោះ ហើយចំពោះផ្លូវខ្នងប្រឡាយនេះ មិនគួរណាអាជ្ញាធរអនុញ្ញាតឲ្យរថយន្តធំៗបែបនេះដឹកសោះ ដោយតែផ្លូវមានស្ថានភាពតូច សម្រាប់តែរថយន្តដឹកស្រូវអង្កររបស់ប្រជាជនធ្វើដំណើរ។

ពួកគាត់ទទូចឲ្យអាជ្ញាធរជំនាញ ចុះពិនិត្យជាបន្ទាន់ចំពោះបញ្ហាខាងលើនេះ កុំរង់ចាំដល់ពេលខូចខាតទាំងផ្លូវ និងស្ពានចាប់ផ្តើមរកវិធីឆ្លើយដាក់គ្នាយករួចខ្លួនរៀងៗខ្លួន ដោយមិនទទួលខុសត្រូវនោះ ៕