(ព្រៃវែង)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nansie Ike នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស អាហារូបករណ៍ភាសាអង់គ្លេសខ្នាតតូច ដែលបានឧបត្ថមដោយស្ថានទូតសហរដ្ឋអាមេរិច នៅសាលា ESL អ៊ិចហ្ស័រលែន ក្នុងខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោក ចាន់ ថា អភិបាលរងខេត្ត និងលោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

នៅក្នុងឱកាសនោះលោក វ៉ាន់ សំណាង នាយកសាលា ESL អ៊ិចហ្ស័រលែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Patrick Murphy ដែលបានអញ្ជើញមកខេត្តព្រៃវែងជាលើកដំបូង ជាពិសេសសាលារបស់លោកនាពេលនេះ។ លោកបានបន្តទៀតថា សិស្សដែលរៀននៅសាលារបស់លោកនេះមានចំនួន ២៤០នាក់ក្នុងនោះ សិស្សដែលទទួលបានអាហារូបករណ៍ភាសាអង់គ្លេស ខ្នាតតូច បានឧបត្ថមដោយស្ថានទូតសហរដ្ឋអាមេរិកចំនួន ៣០នាក់ ជាសិស្សក្រីក្រគ្មានលទ្ធភាពក្នុងការរៀនភាអង់គ្លេស និងកុំព្យូទ័រ ដោយឲ្យរៀនឥតគិតថ្លៃនៅក្នុងសាលារយៈពេល ២ឆ្នាំ ហើយនៅក្នុងកម្មវិធីសិក្សានោះ គឺបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៧ យប់ស្ថិតនៅក្នុងភូមិ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក Patrick Murphy បានសម្ដែងទឹកចិត្តសប្បាយរីករាយចំពោះអាជ្ញាធរខេត្តព្រៃវែង ប្អូនៗសិស្សានុសិស្សនៅក្នុងសាលា ESL អ៊ិចហ្ស័រលែនទាំងអស់ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការអញ្ជើញជួបសំណេះសំណាលរបស់លោកនាពេលនេះ។

លោកក៏បានបង្ហាញអំពីបទពិសោធន៍ និងគន្លឹះសំខាន់ៗ នៃការសិក្សារៀនភាសាអង់គ្លេស។ លោកឯកអគ្គរដ្ឋទូតសូមផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ព្រោះថា ភាសាអង់គ្លេស គឺជាភាសាសកលមួយ ដែលយើងអាចប្រាស្រ័យទាក់ទងជាមួយពិភពលោកបានដោយងាយស្រួលក្នុងការនិយាយ ជាពិសេសងាយស្រួលក្នុងការស្វែងរកការងារ ធ្វើនៅពេលអនាគត។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតក៏សូមកោតសរសើរចំពោះប្អូនៗ ដែលខិតខំសិក្សារៀនសូត្រភាសាអង់គ្លេសនេះបានយ៉ាងល្អ និងចេះនិយាយភាសាអង់គ្លេសបានយ៉ាងល្អប្រើសើ ដោយរៀនបានត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ការអញ្ជើញមកនេះគឺមានគោលបំណង ដើម្បីផ្សាភ្ជាប់មិត្តភាពរវាងកម្ពុជា និងអាមេរិក ជាពិសេសមួយទៅទៀតនោះ លោកឯកអគ្គរដ្ឋទូត ក៏ចង់ស្គាល់ខេត្តព្រៃវែង ដែលធ្លាប់ល្បីថា មានទូកដែលវែងជាងគេនៅលើពិភពលោកផងដែរ។

ឱកាសចុះជួបសំណេះសំណាលជាមួយសិស្សអាហារូបករណ៍ភាសាអង់គ្លេសខ្នាតតូច ដែលបានឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានោះផងដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអញ្ជើញចុះជួបគរុសិស្សនៅសាលាគរុកោសល្យភូមិភាគ ដើម្បីចែករំលែកបទពិសោធន៍ ខ្លះៗរបស់លោកអំពីវិស័យអប់រំនិងការរីកចម្រើន នៃប្រទេសរបស់លោកជូនដល់គរុសិស្ស ដែលកំពុងសិក្សានៅគរុកោសល្យភូមិភាគនោះផងដែ៕