(កំពង់ឆ្នាំង)៖ គ្រួសារមួយរស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានប្រកបមុខរបរដាំបន្លែលើទឹកអស់រយៈពេលជាង ៧ឆ្នាំមកហើយ បានទទួលផ្លែផ្កាគួរជាទីពេញចិត្ត និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន នៅក្នុងស្រុក និងក្រៅស្រុកមិនដែលនៅសល់ឡើយឲ្យតែមាន។

ការលក់បន្លែរបស់គាត់ដែលដាំនៅលើទឹក ដោយគ្មានជាតិគីមី គឺគាត់រកប្រាក់ចំណូលបានក្នុងមួយខែៗជាង ៣០០ដុល្លារ នេះដោយសារបានមកពីការខិតខំរបស់ក្រុមគ្រួសាររបស់ពួកគាត់។

លោក យ៉ង់ សារីម អាយុ៥៥ឆ្នាំ ជាមន្ត្រីអប់រំស្រុកទឹកផុស ដែលបានប្រកបមុខរបរដាំបន្លែលើទឹកខាងលើនេះ បាននិយាយឲ្យដឹថា គាត់បានរៀនបច្ចេកទេសក្នុងការដាំបន្លែលើទឹកនេះ អស់រយៈពេលជាង ៧ឆ្នាំមកហើយ ដោយគិតមកដល់ពេលនេះ ការដាំបន្លែលើទឹករបស់គាត់ទទួលបានជោគ ជ័យដោយមានអតិថិជននៅក្នុងស្រុក និងក្រៅស្រុក ពិសេសអាជីវករលក់ដូរនៅក្នុងផ្សារស្រុកទឹកផុសនេះ បានមកកុម្មង់ទិញបន្លែដែលគ្មានជាតិគីមីរបស់គាត់ មិនដែលសល់ឡើយឱ្យតែបន្លែរបស់គាត់ធំធាត់ល្មមទទួលទានបាន។

លោក យ៉ង់ សារីម បានបញ្ជាក់ឲ្យដឹងថា បន្លែលើទឹកដែលគាត់ដាំនេះមាន ៣ប្រភេទ គឺស្ពៃការឆយ ដែលគាត់អាចលក់ចេញបានក្នុងមួយគីឡូក្រាមតម្លៃ ៨០០០រៀល, ខាត់ណាដើមធំ ដែលជាពូជមកពីតៃវ៉ាន់ អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១២០០០រៀល និងសាឡាត់ថៃ គឺជាពូជមកពីប្រទេសប៊ែលហ្សិក គាត់អាចលក់បានក្នុងមួយគីឡូក្រាមគឺតម្លៃ ១២០០០រៀល ដូចគ្នាផងដែរ។

ដោយឡែក ការងារដាំដុះបន្លែលើទឹកទាំងបីប្រភេទនេះ គឺមានរយៈពេលតែពី ៤៥ថ្ងៃទៅ ៥០ថ្ងៃ ទើបទទួលផល រីឯការដាំដុះបន្លែប្រភេទនេះមិនពិបាកនោះទេ គ្រាន់តែយើងត្រូវចំណាយដើមទុន ដើម្បីធ្វើរងរបស់វាដែលក្នុងមួយរង មានទំហំប្រមាណ ៤គុណ និង៦ម៉ែត្រ ត្រូវចំណាយថវិកាធ្វើរងអស់ប្រមាណជា៩០០ដុល្លារ ហើយពូជបន្លែដែលគាត់យកមកដាំដុះនេះ គឺសុទ្ធសឹងជាពូជបន្លែ នាំមកពីបរទេសដែលមានរសជាតិឆ្ងាញ់។ ចំពោះបច្ចេកទេសដាំដុះ គាត់បានប្រើទុយោ និងអេប៉ុង ដើម្បីបណ្ដុះពូជកូនបន្លែ ហើយត្រូវបូមទឹកផ្លាស់ប្ដូរចេញចូលជាប្រចាំ ពេលប្រមូលផលម្តងៗ គឺមានអតិថិជននៅក្នុងស្រុកបានមកប្រមូលទិញ មិនដែលសេសសល់ឡើយ ដោយសារតែបន្លែរបស់គាត់នេះមានរសជាតិឆ្ងាញ់ផ្អែម ពិសេសគឺមិនបានប្រើជាតិគីមីនោះឡើយ ធ្វើឱ្យអ្នកដែលទទួលទានបន្លែនេះមានសុខភាពល្អ មិនប៉ះពាល់ដល់សុខភាព ដែលបង្កឱ្យមានជំងឺតម្កាត់មកបៀតបៀនឡើយ។

ដោយឡែក នៅទីផ្សារឯក្រុងភ្នំពេញឯណោះវិញ ក៏ធ្លាប់បានមកកម្មង់ទិញបន្លែរបស់គាត់នោះដែរ តែគាត់មិនបានទទួលផ្គត់ផ្គង់នោះទេ ដោយសារតែគាត់គ្មានថវិកាពង្រីកសួនបន្លែ ដើម្បីផ្គត់ផ្គង់អតិថិជននៅទីក្រុងភ្នំពេញបាន ព្រោះការពង្រីកសួនបន្លែ បម្រើដល់អតិថិជនបន្ថែមទៀត លុះត្រាតែចំណាយដើមទុនច្រើនរហូត ដល់រាប់ម៉ឺនដុល្លារឯណោះ។

កសិករដែលមានក្របខណ្ឌជាមន្រ្តីរាជការរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរយៈពេលជាង ៧ឆ្នាំមកនេះ គាត់ក៏បានទទួលបង្ហាត់បង្រៀនសិស្ស ដែលបានមកយកចំណេះក្នុងការដាំបន្លែនេះបាន ៦នាក់ផងដែរ ខ្លះមកពីខេត្តផ្សេងៗ ក៏ទទួលបានជោគជ័យដូចរូបគាត់នេះផងដែរ។ ដូច្នេះបើប្រជាកសិករណាចូលចិត្ត ហើយចង់សាកល្បងក្នុងការដាំបន្លែលើទឹកដូចគាត់នេះ អាចមករៀនពីគាត់ គាត់ និងបង្ហាត់ដោយឥតគិតថ្លៃឡើយ។

ជាការកត់សម្គាល់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក៏បានឱ្យដឹងដែរថា ដោយសារមុខរបរដាំបន្លែលើទឹកនេះ បាននាំឲ្យគ្រួសាររបស់លោក យ៉ង់ សារីម មានជីវភាពធូរធា មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំនេះ គាត់កំពុងតែសាងសង់ផ្ទះវីឡាមួយខ្នង នៅក្នុងភូមិឋានរបស់គាត់ដែលមាន តម្លៃរហូតដល់ជាង៦ម៉ឺនដុល្លារឯណោះ ដោយសារតែភាពជោគជ័យ ក្នុងការដាំដុះបន្លែលើទឹករបស់គាត់៕