(កំពង់ឆ្នាំង)៖ ប្រាសាទថ្នមប្តី មានទីតាំងនៅក្បែរជើងភ្នំទូកមាស ស្ថិតនៅផ្នែកខាងកើតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ ប្រាសាទមួយនេះត្រូវបានបុព្វបុរសខ្មែរកសាងឡើង នៅមុនសម័យអង្គរ ដែលជាសម្បត្តិវប្បធម៌បេតិកភ័ណ្ឌជាតិ មានតម្លៃជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានឡើយ។ (រូបភាពថតថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០១៩នេះ)

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពេលដែលភ្នាក់ងារព័ត៌មាន Fresh News បានធ្វើដំណើរទៅដល់ទីនោះ ពិតជាគួរឲ្យសោកស្តាយនៅពេលឃើញ ទីទួលប្រាសាទមានស្មៅ និងព្រៃដុះទ្រុបទ្រុល បាំងបិតតួប្រាសាទថ្នមប្តីទាំង២ ដែលជាស្នាដៃដូនតាខ្មែរយើងហាក់ដូចជា ត្រូវគេបោះបង់ចោលនៅលើដីទួលរហោឋាននេះជាយូរមកហើយ ដោយគ្មានអ្នកស្តាយស្រណោះ និងយកចិត្តទុកដាក់ថែរក្សាឡើយ។ 

ដោយឡែក នៅក្នុងតួប្រាសាទផ្នែកខាងជើង ឃើញមានអន្លុងរណ្តៅមានជម្រៅប្រមាណ ១ម៉ែត្រ ដែលជនខិលខូចបានមកជីកកកាយរកកំណប់បុរាណនៅក្រោមប្រាសាទ ដែលអន្លង់ នៃរណ្តៅនេះ បើគេមិនលប់វិញនោះទេ នឹងអាចបង្កឲ្យគ្រឹះប្រាសាទបាក់ស្រុត ជាមិនខានឡើយ។

រីឯប្រាសាទ១ទៀត នៅជាប់គ្នាផ្នែកខាងត្បូង ក៏ពិនិត្យឃើញមានការបែកបាក់យូរយាមកហើយ និងឃើញមានសសរទ្វារប្រាសាទដែលមានក្បូរក្បាច់រចនាបុរាណទុកនៅរាយប៉ាយ ដូចជា គ្មានការថែទាំទុកដាក់ត្រឹមត្រូវ មិនដឹងថា តើខាងមន្ទីរវប្បធម៌ខេត្ត បានដឹងរឿងនេះដែរឬទេ?

អ្នករត់ម៉ូតូកង់បីម្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា គាត់ជាអ្នករត់កង់បី ភាគច្រើនដឹកភ្ញៀវទេសចរបរទេស ទៅទស្សនាតាមប្រាសាទជាច្រើននៅ ក្នុងស្រុកកំពង់លែងនេះ។ ពេលភ្ញៀវមកជិះកង់បីគាត់ម្ដងៗ ភ្ញៀវតែងតែសួរគាត់ថា ស្គាល់ប្រាសាទនេះ ប្រាសាទនោះ ដោយនិយាយចំៗ ឈ្មោះប្រាសាទទាំងនោះតែម្ដង ដោយក្នុងដៃរបស់ពួកគេ មានកាន់ផែនទីភូមិសាស្រ្តរបស់ទីតាំងប្រាសាទផងដែរ។

គាត់បានបន្តថា ប្រាសាទខ្លះ គាត់មិនដែលស្គាល់នោះទេ សូម្បីតែផ្លូវចូលទៅរកប្រាសាទនោះ ក៏គាត់មិនដែលស្គាល់ផង តែត្រូវបានភ្ញៀវបរទេសទាំងនោះចង្អុលបង្ហាញតាមផែនទីឲ្យគាត់ទៅរកហើយ ក៏បានរកឃើញចំណុចទីតាំងប្រាសាទនោះទៅតាមការចង្អុល បង្ហាញរបស់ភ្ញៀវផងដែរ។ ដូច្នេះក្នុងនាមជាកូនខ្មែរ សំណូមពរដល់អាជ្ញាធរឃុំស្រុក និងមន្ទីរវប្បធម៌ខេត្ត ដែលជាអ្នកថែរក្សាការពារ និងគ្រប់គ្រងប្រាសាទបុរាណនៅក្នុងខេត្តកំពង់ឆ្នាំង មេត្តាជួយចុះទៅពិនិត្យមើល ដើម្បីជួយមានវិធានការណ៍គ្រប់គ្រងថែរក្សាការពារ ប្រាសាទថ្នមប្តី១គូរនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាស្វែងយល់ អំពីស្នាដៃដូនតាខ្មែរយើង ពិសេសជួយកែលម្អសោភ័ណភាពដើម្បីទុកសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលតែងតែមកទស្សនា នៅប្រាសាទខ្មែរយើង នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងរបស់យើងនេះផង។

ទាក់ទងនិងរឿងនេះលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានថ្លែងថា នៅក្នុងស្រុកកំពង់លែង គឺមានឆ្មាំប្រាសាទម្នាក់ដែលមានតួនាទីថែរក្សាការពារប្រាសាទ ដូច្នេះរឿងខាងលើនេះ លោកនឹងបញ្ជាឲ្យឆ្មាំប្រាសាទនោះចុះ ទៅពិនិត្យមើលជាបន្ទាន់ និងដាក់វិធានការណ៍ម៉ឺងម៉ាត់ឲ្យឆ្មាំរូបនេះ ខិតខំថែរក្សាការពារប្រាសាទថ្នមប្តីខាងលើនេះ ឲ្យបានល្អប្រ សើរឡើងវិញ កុំទុកឲ្យបាក់បែកខូចខាតដោយសារជនខិលខូចនោះឡើយ៕