(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវ និងជំរុញឱ្យគ្រប់ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនទាំងអស់ រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។

ការអំពាវនាវបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលោកបានអញ្ជើញ ក្នុងពីពិធីប្រារព្ធទិវា ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៣ នៅសាលាស្រុកចំការលើ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា សមត្ថកិច្ចជំនាញត្រូវ ផ្តល់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធអំពើជួញដូរមនុស្សដល់ប្រជាពលរដ្ឋ គ្រប់ស្រ ទាប់តាមមុខសញ្ញារបស់ស្ថាប័នរៀងៗខ្លួន។ បង្កើតសម្ភារអប់រំផ្សព្វផ្សាយ រៀបចំយុទ្ធនាការតាមគ្រប់រូបភាពក្នុងកម្មវិធីសិក្សា វេទិការសាធារណៈតាមសហគមន៍ និងតាមបណ្តាញផ្សព្វផ្សាយនានា។ ត្រូវសហការជាមួយវិស័យឯកជន និងទីភ្នាក់ងារជ្រើសរើសពលករ ជំរុញយកចិត្តទុកដាក់ អំពីកម្រិតវប្បធម៌ និងបង្ករលក្ខណៈជំរុញបុគ្គលិកកម្មកររោងចក្រ សហគ្រាស និងពលករទេសន្តរប្រវេសន៍ មានឱកាសអភិវឌ្ឍន៍ ចំណេះដឹង សមត្ថភាពជំនាញ និងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីសិក្សាអំពីនីតិវិធី នៃការផ្តល់នីតិសម្បទា ដល់មណ្ឌលថែទាំជនរងគ្រោះ និងបង្កើតជាមណ្ឌលគំរូដែលមានលក្ខណៈងាយស្រួល និងផ្តល់សេវាជាកញ្ចប់។

ជាមួយនេះដែរ លោក អ៊ុន ចាន់ដា ក៏បានបន្ថែមទៀថា ត្រូវមានការ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្នែកឯកជន អង្គការដៃគូ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ ពេលវេលា។

លោកអភិបាលខេត្តបន្តថា គណៈកម្មា ធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្តធ្វើជំរុញកាន់តែសកម្ម អនុវត្តនូវវិធានការច្បាប់ ជំរុញកាន់តែម៉ឺងម៉ាត់ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៩-២០២៣ ជំរុញបានសម្រេច តាមគោលដៅគ្រោងទុក ហើយយើងត្រូវការ ការចូលរួមពីមន្ទីរ អង្គភាព ជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន នូវទូទាំងខេត្ត ព្រមទាំងកិច្ចសហការល្អជាមួយខេត្តពាក់ព័ន្ធ រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស៕